ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ប្រជាការពារភូមិ សហការចុះល្បាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងសត្វពាហនៈ(ក្របីញី)ចំនួន ២ក្បាល ។
ករណីបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធចោរកម្មខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចជន្ទល់កូន ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
លោក វរៈសេនីយ៍ត្រី អ៊ុន ហូ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាបប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ លី តុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិបង្គៀប ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះដកហូតវត្ថុតាងរួមមាន សត្វពាហនៈ(ក្របី)ញីចំនួន ២ក្បាលផងដែរ និងកំពុងស្រាវជ្រាវស្វែងម្ចាស់ ។
លោក វរៈសេនីយ៍ត្រីបន្តថា ការឃាត់ចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងសត្វ(ក្របី)ញីនេះ នៅគ្រាដែលកម្លាំងសហការកំពុងចុះល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញជនសង្ស័យរួមទាំងសត្វក្របីចំនួន ២ក្បាលត្រង់ចំណុចខាងលើ ហើយទំនងដូចរងចាំអ្វីម្យ៉ាងអាចរងចាំដឹកឡើងរថយន្តក៍ថាបាន ដោយមានការសង្ស័យទើបឃាត់យកមកសួរនាំ ទើបដឹងមានបញ្ហាបែបនេះ បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រុងពោធិ៍សាត់ ចំណែកសត្វពាហនៈ(ក្របី)ញីទាំងចំនួន ២ក្បាល រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប ៕