ខេត្តកំពង់ធំ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រារព្វពិធីក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភាមង្គល់ ជាទីស្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឳកាសដ៏មហាឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចំរើព្រះជន្មវស្សាគំរប់៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា អង្គសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រូវនិង ថ្ងៃព្រហស្បត៍ ១៣រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។
ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និង ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណថ្នាក់ចត្វាព្រះសត្ថាបារមី ព្រះមេគុណខេត្តកំពង់ធំ និងប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទចូលរួម ក្នុងពិធីបុណ្យ ចំរើព្រះជន្មវស្សាគំរប់៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា របស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តំណាងឲ្យមន្រ្តីរាជការនិងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានមោទនភាព និងមហាកិត្តិយសជាទីបំផុត សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ដ៏ធំជាងនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកិត្តិនាមស្ថាប័ននេះត្រូវបានលើកកម្ពស់ បង្កើនបាននូវជំនឿទុកចិត្តការគាំទ្រ យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ក្នុងព្រះរាជពិធីបុណ្យចំរើព្រះជន្មវស្សាដ៏ឧត្តុង្គឧត្តម ទូលបង្គំទាំងអស់គ្នា សូមបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមទេវតារក្សាមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី គ្រប់ព្រះអង្គ សូមប្រោសប្រទាន ព្រះពរជ័យ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សូមព្រះអង្គមានព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ រស់កាលជាយូរអង្វែងតរៀងទៅ ។
ដោយ ប៊ុន រដ្ឋា