ខេត្ដព្រះវិហារ៖ នេះបើតាមប្រភពព័ត៌មាននៅខេត្ដព្រះវិហារ បានឲ្យដឹងថា លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទី នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ត្រូវ បាន អង្គភាព ប្រឆាំង អំពើ ពុក រលួយ កោះ ហៅ ឲ្យ ចូល ខ្លួនទៅបំភ្លឺ ភាព មិន ប្រក្រតី និងបក្ខពួកនិយម ដែលបានបំផ្លិចបំផ្លាញព្រៃឡង់។
ក្នុងនោះផងដែរក៏មានលោក សោម រដ្ឋា មន្ដ្រី នៃ មន្ទីរបរិស្ថាន ខេត្តព្រះវិហារ និង សហគមន៍ ព្រៃឈើ ដែលគេសង្ស័យថា បាន ឃុបឃិត គ្នា ជាមួយ ឈ្មួញ ឈើ ខុសច្បាប់ និង បានឈូសឆាយដីព្រៃដោយខុសច្បាប់ផងដែរ។បើ តាម ពាក្យបណ្ដឹង មក អង្គភាព ប្រឆាំង អំពើពុករលួយ ទទួល បាន នៅ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ និង ស្មារតី អង្គប្រជុំពិនិត្យ ពាក្យ បណ្ដឹងនៅថ្ងៃទី២៩ ខែមេសា បាន ជម្រាប ជូន លោក សុង ច័ន្ទសុជាតិ ប្រធាន ស្ដីទីថា អង្គភាព ប្រឆាំង អំពើ ពុករលួយ បាន ទទួល និង ពិនិត្យ ពាក្យ ប្ដឹង ដែល បាន លើក ឡើង ថា ឈ្មោះ សោម រដ្ឋា មន្ដ្រី បរិស្ថាន ខេត្តព្រះវិហារ និង សហគមន៍ ព្រៃឈើ បាន ទារ ប្រាក់ ពី ឈ្មួញ ដឹក ឈើ ព្រៃឡង់ ក្នុងមួយគោយន្ដ ចាប់ពី ៨០.០០០រៀល ដល់១០០.០០០ រៀល ។
អង្គភាព ប្រឆាំង អំពើពុករលួយ បាន ជម្រាប ជូន បន្ដថា មន្ដ្រី បរិស្ថាន បានឃុបឃិតគ្នាជាប្រព័ន្ឋជាមួយឈ្មួញឈើមានលុយម្នាក់នៅភូមិពើក ហើយ ប្រសិន បើ គោយន្ដ មិនមែន ជាអ្នក លក់ ឈើ ឲ្យឈ្មោះ ឡេង នោះទេ គឺមិន ឲ្យដឹក ចេញ ពីភូមិពើក ឡើយ ទោះបី ជា គោយន្ដ នោះ បានបង់ប្រាក់ ចេញពីព្រៃមកក៏ដោយ ក៏មន្ដ្រី បរិស្ថាន នៅតែ ចាប់ ឲ្យ បង់ ប្រាក់ម្ដងទៀតចំនួន១.០០០.០០០រៀល។
បើតាមប្រភព ដដែល ទទួល បានឈ្មោះ ឡេង និងឈ្មោះ ឌី កំពុង តែឃុបឃិតគ្នាជាមួយក្រុមគោយន្ដ ចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ដោយសេរី ហើយ គោយន្ដរបស់ពួកគេចូល ទៅ ដឹក ជញ្ជូនឈើក្នុងមួយថ្ងៃ៣ជើងទៅ៥ជើង ដោយមាន មេក្លោងឈ្មោះ ឌី ឈ្មោះ រឿន ឈ្មោះ ម៉េត និងឈ្មោះ យាយ លែន ជា អ្នកដើរ ប្រមូលទិញ ឈើពីអ្នកស្រុកដែលបានចុះទៅអារឈើក្នុងព្រៃ ឡង់ នៅជុំវិញភូមិទ្រា និង ភូមិពើក ដោយ សហការ ជាមួយ មន្ដ្រីបរិស្ថាន សហគមន៍ព្រៃឈើ និងមន្ដ្រីប៉ុស្ដិ៍រដ្ឋបាល។សូមបញ្ជាក់ថា ឈ្មោះ ឆាយ គឹមហូវ មានប្ដី មុខងារ ជាមេព្រៃ (ផ្នែករដ្ឋបាលព្រៃឈើ) មាន ឡាន សាំយ៉ុង ០២គ្រឿង និងឡាន ធំកង់១០ ចំនួន ០២គ្រឿង កំពុង តែដឹក ជញ្ជូនឈើនៅតំបន់ព្រៃឡង់នោះផងដែរ។
ពាក់ព័ន្ធ បញ្ហា ខាង លើនេះ លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទី នៃមន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នាពេលថ្មីនេះថា លោក ក៏ ទទួល បាន លិខិត កោះ អញ្ជើញ របស់ អង្គភាព ប្រឆាំង អំពើ ពុក រលួយ ផងដែរ ហើយ រូប លោក កំពុង បើក ការ ស្រាវជ្រាវ ដើម្បី រៀប ចំឯកសារ ឆ្លើយ ជូន អង្គភាព ប្រឆាំង អំពើពុករលួយ នៅ ថ្ងៃខាងមុខ៕