ភ្នំពេញ ៖ ដោយសារតែកំណើនរបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានហានិភ័យខ្ពស់ក្នុងពេលធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា នឹងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រមាណ២៥កន្លែងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវ របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសចុះត្រួតពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ការពង្រីកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនេះ បានធ្វើឡើងដោយ សារតែរាជធានីភ្នំពេញមានកំណើនរបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់ ដោយនៅពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាន។
លោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីកំណើនយានយន្ត និងប្រជាជននេះហើយ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាស ផ្លូវក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។
ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានសម្តែងនូវការសាទរ និងគាំទ្រ ចំពោះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ព្រោះថាវាបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការឆ្លងផ្លូវមិនប្រឈមនឹងគ្រោះថ្នាក់ចរចរណ៍ ខណៈដែលបច្ចុប្បន្ន ផ្លូវថ្នល់មានស្ថានភាពមមាញឹកខ្លំាងពិបាកធ្វើដំណើរឆ្លងកាត់។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែការក្រាលកំរាលថ្មើជើង ការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ខណៈចំនួន២កន្លែងទៀតដោយមួយនៅមុខផ្សារដើមគរ និងមុខសាលាបឋមសិក្សាសន្ធរម៉ុកនឹងដាក់ឲ្យដំណើរការនៅពេលឆាប់ៗនេះ៕