ស្នងការដ្ឋាននគរបាលខេត្តតាកែវផ្តល់ប្រាក់ឧបត្ថមថ្លៃសម្រាលកូនដល់យេនឌឺដែលជាមន្ត្រីនគរបាលចំនួន០៥នាក់

តាកែវ៖កន្លងមកពាក់ព័ន្ធជាមួយនិងការយកចិត្តទុកដាក់របស់ថ្នាក់លើចំពោះបញ្ហាលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលជាយេនឌឺ ត្រូវបានលើកតំកើនជាបន្តបន្ទាប់ខណៈដែលនគរបាលដែលជាស្ត្រីភេទត្រូវបានលើកទឹកចិត្តមួយផ្នែកទៀតលើការផ្តល់ប្រាក់ថ្លៃសេវាសម្រាលកូនក្នុងម្នាក់ទទួលបាន ៨០ម៉ឺនរៀល ហើយនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានផ្តល់ប្រាក់ឧបត្ភមបន្ថែមលើការសម្រាលកូនចំពោះយេនឌឺចំនួន ០៥រូប ដើម្បីជួយសម្រួលលើការលំបាករបស់មិត្តនគរបាលជាតិ ។
ថ្លែងនៅក្នុងពិធីប្រកាសបង្ហាញនូវអត្ថលេខសម្គាល់ខ្លួនថ្មីរបស់មន្ត្រីនគរបាលដែលទើបតែតាំងស៊ុបចំនួន ៧០រូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវនារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស បានជម្រុញដល់ការិយាល័យបណ្តុះបណ្តាល និងការិយាល័យបុគ្គលិក ត្រូវបង្កើតវគ្គហ្វឹកហាត់ វគ្គបង្រៀនលើកិច្ចការងារជំនាញ ដើម្បីបង្ហាត់បង្រៀនដល់មន្ត្រីនគរបាលថ្មីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីការគោរពទំនាប់ និងយល់ដឹងបន្ថែមលើកិច្ចជំនាញចំនុះអោយការិយាល័យ ដើម្បីបញ្ចូលពួកគាត់ទាំងអស់ទៅការងារជំនាញដែលមានតម្រូវការជាចាំបាច់ ក្នុងការសម្រួលលើការងារមួយចំនួន ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានបន្តថា នៅក្នុងកំឡុងពេលហ្វឹកហាត់ និងវគ្គបង្រៀនខ្លីៗនេះ មន្ត្រីនគរបាលដែលជាសិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ ព្យាយ៉ាមស្វែងយល់លើការសិក្សាខ្លីនិមួយៗជាមួយនិងគ្រូបង្គោល ដើម្បីយកចំនេះទាំងនោះមកអនុវត្តលើការងារបម្រើអោយស្នងការដ្ឋាន និងបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព រហ័សទាន់ចិត្ត ។