តាកែវ៖ ក្រោយមានការអភិវឌ្ឍន៍ជាមួយនិងហេដ្ឋារចនាសម្ព័នថ្មីៗជាច្រើននៅក្នុងខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងធ្វើអោយក្រុងដូនកែវ ដែលជាបេះដូងនៃខេត្ត កាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាត ពោពេញទៅដោយគម្របព្រៃឈើព័ណបៃតង មិនថាផ្លូវថ្នល់ ឬសួនច្បារឡើយ គឺត្រូវបានដាំដើមឈើប្រណិត អមសងខាងផ្លូវចូលក្រុងដូនកែវ ចាប់ពីទីតាំងពីចំនុចរង្វង់មូលអូរចំបក់ រហូតមកដល់សួនច្បារសម្តេចវិបុលបញ្ញា សុខ អាន វិមានឯករាជ ដែលមានរយៈចម្ងាយ ៣គីឡូម៉ែត្រ ។
ការរៀបចំដើមឈើប្រណិតនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០នេះដែរ គឺមានការរួមសហការ រវាងខ័ណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយអាជ្ញាធរក្រុង បានធ្វើការចុះពិនិត្យនិងវាស់វែងលើទីតាំង អោយសមស្របទៅតាមស្តង់ដាមួយ ដើម្បីរៀបចំអោយបានស្អាត និងល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ឬនៅក្រៅខេត្តអាចមកលេងកំសាន្ត ឬហាត់ប្រាណដើម្បីសុខភាពជាប្រចាំផងដែរ ។
លោក ស៊ឹម ឡាប៉័ង ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានអោយដឹងថា ការរៀបចំថ្ងៃនេះ គឺយើងពិនិត្យមើលគោលដៅសំខាន់ៗ ដោយមានការវាស់វែងបច្ចេកទេស និងសម្របសម្រួលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអភិបាលក្រុងដូនកែវ ក្នុងការត្រៀមរៀបចំដាំដើមឈើប្រណិតជាង៥០០ដើម រួមមាន ដើមក្រញូង ដើមបេង ដើមកាក្ងោរ ដើមរំដួល និងដើមធ្នង់ ដើម្បីលម្អសោភ័ណ្ឌភាពអភិរក្សគម្របព្រៃឈើនៅក្នុងខេត្តតាកែវរបស់យើង អោយល្អស្អាត និងសម្រាប់ត្រៀមប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា នាពេលខាងមុខនេះដែរ ។ លោកបន្តថា ក្នុងកម្មវិធីរុក្ខទិវានោះ ក៏មានការចែកនៅប្រភេទកូនឈើប្រណិតដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមដីលំនៅដ្ឋានឬដីចម្ការរបស់ខ្លូនផងដែរ សម្រាប់ជាកេ្តរ៍តំណែលមួយដល់ក្មេងជំនាន់ក្រោយៗបានស្គាល់អំពីប្រភេទឈើដែលមានតម្លៃនៅប្រទេសកម្ពុជារបស់យើង និងក៏ជាប្រយោជន៍ដ៏សំខាន់លើទុបទុលនិងគ្រោះធម្មជាតិផ្សេងៗជាយថាហេតុផងដែរ ។