ខេត្តកំពង់ធំ៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអជ្ញាធរដែនដីភូមិ.ឃុំទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពប្រជាការពារដែលបានទទួលមរណភាពដោយសារជំងឺ នៅរសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងារ បានឲ្យដឹងថា ប្រជាការពារ លោកសាប់ សួរ អាយុ ៥៧ ឆ្នាំ រស់នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង បានទទួលមរណៈភាពដោយសារជំងឺ មានភរិយាឈ្មោះអេង គុណ អាយុ៥៥ឆ្នាំ និងមានកូននៅក្នុងបន្ទុកចំនួនបីនាក់ និងបានសម្តែងការសោកស្តាយអាឡោះអាល័យ និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ និងសូមឲ្យវិញ្ញាណក័ន្ធ លោក សាប់ សួរ បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារនៃសពត្រូវខិតខំថែរក្សាសុខភាព និងការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៃឱកាសនេះ បាននាំយកនូវអំណោយ ឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមបុណ្យសពលោក សាប់ សួរ មានអង្ករចំនួន៥០ គីឡូក្រោម មីចំនួន ០២ កេស និងថវិកាមួយចំនួនផងដែរ ។
ក្រុមគ្រួសារនៃសព និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ាណែត រួមជាមួយនិងក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុក្ខដាក់គិតគូដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានរួមទុក្ខ រួមសុខជាមួយប្រជាពលរដ្ឋដែលមានទុក្ខលំបាក ។
ដោយ ប៊ុន រដ្ឋា