ខេត្តតាកែវ៖នាព្រឹក ទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រីវរសេនីយ៍ឯក ជាស្នងការរង បានអញ្ជើញជួបសំណេះសំណាល ណែនាំជំនាញដល់មន្រ្តីនគរបាល និងពង្រឹងវិន័យលេខៈ០០៦ប.ប.ជ. របស់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
ថ្លែងក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យលោកអធិការ អធិការរង និងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវតែខិតខំបំពេញភារកិច្ចទៅតាមជំនាញដែលថ្នាក់លើប្រគល់ជូន ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តជាប្រចាំ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា បន្តការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ស្រាវជ្រាវរកមុខសញ្ញាជួញដូរ ប្រើប្រាស់ គ្រឿងញៀន និងជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់ ព្រមទាំងស្វែងរកអ្នកនៅពីក្រោយ អ្នកផ្តល់ពូជ អ្នកទទួលទិញ ដើម្បីកាត់បន្ថយបទល្មើសអំពើលួច ឆក់ ប្លន់ ក្មេងទំនើង ក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការចុះអនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ថ្មី និងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ចូលរួមបង្ការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយការឆ្លងជំងឺ COVID-19 សំដៅការពារដល់សុខមាលភាពមន្រ្តីនគរបាល ត្រូវធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ ឬទឹកអាល់កុល មុនចូលធ្វេីការផងដែរ៕
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានមានប្រសាសន៍មន្ថែមថាចំពោះកម្លាំងនគរបាលចរាចរាចណ៍ផ្លូវគោកគ្រប់គោលដៅទាំងអស់ត្រូវ
១/ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយាល្អ និងប្រើប្រាស់សម្តីអោយបានសមរម្យ ក្នុងពេលចុះអនុវត្តច្បាប់។
២/ត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ ដូចជាអាវពន្លឺ ពាក់ភ្លើងបំភ្លឺនៅលើស្មា និងពិល ជាដើម។
៣/ត្រូវពាក់ម៉ាស់ ស្រោមដៃ និងលាងដៃជាប្រចាំ។
៤/មិនត្រូវធ្វើការផាកពិន័យលើសការកំណត់។
៥/មិនត្រូវផាកពិន័យនៅនឹងកន្លែង
៦/ក្នុងនាមជាមន្រ្តីនគរបាល អនុវត្តច្បាប់់ ត្រូវតែធ្វើជាគំរូល្អដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ។
៧/ពេលបើកបររថយន្ត ទោចក្រយានយន្តត្រូវដាក់ខ្សែក្រវ៉ាត់ ពាក់មួកការពារសុវត្ថិភាពជានិច្ច៕