ហ្គេមបាញ់ត្រីនៅផ្សារសុីធីម៉លបង្ក្រាបហេីយឥឡូវបេីកលេងយ៉ាងរំភេីយ!

0

ភ្នំពេញ ៖ ល្បែងស៊ីសងដែលមានសុទ្ធតែស្លុតម៉ាស៊ីនជាច្រើនគ្រឿង និងទូបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង មានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ បើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា។

បើតាមប្រភពពីមន្ត្រីមូលដ្ឋាន កន្លែងនេះអាចបើកបានគឺដោយសារតែមានអ្នករត់ការដែលប្រភពបញ្ជាក់ថា ខ្នងជាអ្នកធំហើយស្គាល់អ្នកកាសែតទៀត។

ការបើកកន្លែងលេងហ្គេមបាញ់ត្រីនៅចំពីមុខអគារនៃសាលាដំបូងនេះ បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបង្ក្រាបប្រៀបបានគឺ ប្រដូចគេគោះទឹកដើម្បីបង្អើលត្រី ឬមានខណៈបនល្បែងសុីសងជាប្រភពផ្តើមចេញបង្កើតឱ្យមានបទល្មើស។

ហើយបើធ្វើដូច្នេះ តើការអនុវត្តលើគោលការណ៍ភូមិ-សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ចំណុចនេះហើយដែលនាំ កើតជាចម្ងល់ថា តើអាជ្ញាធរពាក់ព័ន្ធបានដឹង ឬុមានវិធានការទប់ស្កាត់មេបនល្បែងខ្លាំងដែរប្ញទេ?

ពាក់ពន្ធ័ការបើកកន្លែងល្បែងស៊ីសងនេះដែរ រាជរដ្ឋាភិបាលធ្លាប់បានចេញសារាចរបិទ អនឡាញ ម៉ាស៊ីនអេឡិចត្រូនិចកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ពោល គឺបនល្បែងអនឡាញ អិុនធើណេត តាមរយៈការបើកអិុនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក ត្រូវបានហាមឃាត់ ។

ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើនេះលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់បានប្រាប់ឲ្យដឹងថា គាត់បានទទួលដំណឹងថាមានលេង តែមិនទាន់មានពេលឡើងទៅត្រួតពិនិត្យផ្ទាល់ទេ។

ចំណែកលោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា ចាំគាត់រាយការណ៍ទៅលោកអភិបាលខណ្ឌសិន ព្រោះបើគាត់ចុះទៅគឺចុះជាលក្ខណៈគណៈបញ្ជាការឯកភាព។

ចំពោះលោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាមិនអាចសុំធ្វើការបំភ្លឺបានទេ ពាក់ពន្ធ័នឹងករណីបើកទីតាំងល្បែងស៊ីសងដ៏ធំនៅក្នុងផ្សារស៊ីធីម៉ល ខាងលើនេះ។

បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៌រកចំណូល៕