មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំប្រជុំពង្រឹងការងារគ្រប់គ្រងបច្ចេកទេសក្នុងកងទ័ព

ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានបើកកិច្ចប្រជុំការងារ ដើម្បីត្រួតពិនិត្យ ពង្រឹងលើការងារបច្ចេកទេស ដោយផ្ដោតជាសំខាន់លើ ការងារគ្រប់គ្រងឃ្លាំងសម្ភារៈបច្ចេកទេស ការប្រើប្រាស់រថយន្តរបស់អង្គភាព ដែលមានបំពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ និងការទុកដាក់ថែរក្សាគ្រប់គ្រង់អាវុធគ្រាប់ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស  និងការណែនាំរបស់ក្រសួងការពារជាតិ  និង ការណែនាំរបស់ស្ថាប័នបច្ចេកទេសថ្នាក់លើ ពិធីនេះបានធ្វើឡើង  នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ 

កិច្ចប្រជុំនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់កិចចប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព នឹងមានការចូលរួម នាយទាហាន ការងារបច្ចេកទេស  ព្រមទាំងថ្នាក់ដឹកនាំតាមកងឯកភាពពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ ក្នុងគោលបំណង ពិភាក្សា ប្ដូរយោបល់គ្នាក្នុងន័យធ្វើឲ្យការងារគ្រប់គ្រងបច្ចេកទេសមានភាពរលូន  នឹងរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។

លោកវរសេនីយ៍ទោ សុខ សារី នាយការិយាល័យបច្ចេកទេស បានរាយការណ៍អំពីស្ថានភាពការងារ របស់ការិយាល័យបច្ចេកទេស ទាក់ទងសំខាន់ទៅលើការគ្រប់គ្រងថែរក្សាអាវុធ ជាតិផ្ទុះ ស្ថានភាពឃ្លាំងទុកដាក់ អាវុធ គ្រាប់ តាមលក្ខណៈបច្ចេកទេស និងការគ្រប់គ្រង់ប្រើប្រាស់ រថយន្តរបស់អង្គភាពដែលពាក់ស្លាកលេខតាមសារាចរណ៍  របស់កងយោធពលខេមរៈភូមិន្ទ អំពីចំណុចជាមោទនភាពមួយចំនួនដែលការិយាល័យខិតខំអនុវត្តបានសម្រេចការងារទាន់ពេលវេលាជូនថ្នាក់លើ ក៏ដូចជាកិច្ចការធានាសម្ភារៈបច្ចេកទេសឲ្យដល់កងកម្លាំងតាមអង្គភាព មិនបង្កការលំបាកដល់ថ្នាក់ដឹកនាំត្រូវដោះស្រាយឡើយ   និងបានលើកឡើងនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តនៅពេលខាងមុខ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ការិយាល័យជំនាញបច្ចេកទេសគ្រប់ថ្នាក់ ដែលបានដឹកនាំអនុវត្តភារកិច្ចបានល្អប្រសើរ ក្នុងរយៈកាលកន្លងមក ហើយត្រូវខិតខំបន្តអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត ព្រោះថាក្រៅពីជំនាញដទៃ ជំនាញបច្ចេកទេសគឺជាវិស័យអាទិភាពមួយរបស់អង្គភាព មិនអាចអោយរអាក់រអួលដំណើរការបានឡើយ  និងត្រូវបន្តពង្រឹងកិច្ចការនេះឲ្យកាន់តែរឹងមាំ ប្រសើរឡើងថែម ទៀត  មន្ត្រីទទួលបន្ទុកការងារបច្ចេកទេស  និងស្ថាប័នពាក់ព័ន្ឋ  ត្រូវសហការគ្នាបំពេញភារកិច្ច តាមការ ណែនាំរបស់ថ្នាក់លើ  និងខិតខំស្រាវជ្រាវគន្លឹះសំខាន់ៗនានាដើម្បី ធានារ៉ាប់រងក្នុងភារកិច្ចការងារបច្ចេកទេសឲ្យកាន់តែរឹងមាំ និងរីកចម្រើន   ។