ខេត្តកំពង់ឆ្នាំង៖ ពិតជាថ្លើមធំមែន ដីព្រៃភ្នំស្ថិតក្នុងព្រះរាជក្រឹត្យ ស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ទឹកធ្លាក់អន្លង់ស្វាយ ក៏លោកអេង ស្រស់វណ្ណះ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ហ៊ានលេបត្របាក់យកមកធ្វើជាកម្មសិទ្ធទៅរួច ខណៈជាដីព្រៃរបស់រដ្ឋ តែបែរជាធ្វើរបងហុំព័ទ្ធដីព្រៃ សាងសង់ផ្ទះថ្ម ធ្វើកញ្ចុះ ដាំដំណាំយ៉ាង រំភើយ ដោយមិនមានការខ្លាចញញើតសូម្បីតែបន្តិច បើទោះបីដឹងថាជាតំបន់ហាមឃាត់រុករាន្ទក៏ដោយ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ដីដែលអង្គការប្រាយហូម បំម្រុងលេបត្របាក់ដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធ ពិតជាមានការឃុបឃិតគ្នាជាប្រព័ន្ឋ ពីសំណាក់លោកស្រីស៊ឹម រ៉ុន មេឃុំក្បាលទឹក លោកអភិបាលស្រុក និងលោកអេង ស្រស់វណ្ណះ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បង្កើតអង្គការប្រាយហូម ដើម្បីចង់ធ្វើនំអត់ម្សៅរំលោភយកដីព្រះរាជក្រឹត្យ ស្ថិតនៅចំនុចរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ភូមិអណ្តូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីមានប្រតិកម្ម ពីសំណាកើបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិភ្នំ អន្លង់ស្វាយ ថាអាជ្ញាធរឃុំ បានបង្ខំឲ្យប្រជាពលរដ្ឋ ដែលមានខ្ទមចំការ ធ្វើរបងនៅក្នុងដែនដីជម្រកសត្វព្រៃ ភ្នំឳរ៉ាល ត្រូវធ្វើការរុះរើជាបន្ទាន់ ចំណែកអង្គការប្រាយហូម របស់លោក អនុប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាលក្ខណៈទ្រង់ទ្រាយធំ ស្ថិតក្នុងតំបន់ហាមឃាត់ បែរជាពុំបានឲ្យរុះរើនោះទេ ទើបប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ទាមទារឲ្យរុះរើទាំងអស់គ្នា ទើបបានព្រម បើអត់រុះរើអត់ទាំងអស់គ្នា។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារទូរទស្សន៍ កាសែត បានចុះទៅដល់ចំនុច គោលដៅដែល អង្គការប្រាយហូម ដែលបានហុំព័ទ្ធរបងយកដីព្រៃភ្នំ ដែលជាដីហាមឃាត់ ស្ថិតក្នុងដីព្រះរាជក្រឹត្យ ក្នុងតំបន់រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ បានថតយករូបភាព ដែលអង្គការប្រាយហូម បានរំលោភបំពានដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោមលេសបង្កើតតំបន់ទេសចរណ៍ ដើម្បីរកចំណូលដល់ឃុំ តែការពិត អង្គការនេះហុំព័ទ្អដីព្រៃដើម្បីដាំដំណាំធុរេន សាងសង់កញ្ចុះ សង់ផ្ទះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
មហាជនទូទៅ បានឆ្ងល់យ៉ាងខ្លាំង ចំពោះសមត្ថកិច្ច បរិស្ថានដែលមានតួនាទីជាអ្នកការពារ អភិរក្សព្រៃឈើ សត្វព្រៃ ដែលនៅក្បែរទីតាំងអង្គការប្រាយហូមប្រមាណ៧០០ម៉ែត្រពីគ្នា បែរជាពុំមានការហាមឃាត់ ឬទប់ស្កាត់នោះឡើយ បែរជាឆ្លើយថាលោកពុំបានដឹងនោះទេ រីឯផ្លូវឡើងភ្នំមានតែមួយ អង្គការដឹកសម្ភារៈ ឧបករណ៍សាងសង់សំណង់កាត់តាមស្នាក់ការបរិស្ថាន តែបែរជាឆ្លើយថាពុំបានដឹងនោះឡើយ ចំណែក ស្នូរម៉ាស៊ីនអាឈើលាន់ពេញព្រៃ ដូចក្រឡង់យំ ក៏មិនមានការបង្រ្កាបនោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ខេត្ត អាជ្ញាធរក្រសួង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក លោកអភិបាលស្រុក និងលោកអេង ស្រស់វណ្ណះ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការឃុបឃិតគ្នា រំលោភយកដីព្រះរាជក្រឹត្យ ដោយការកាប់បំផ្លាញដីព្រៃហំព័ទ្ធដីយកធ្វើជាកម្មសិទ្ធ។
ដោយ ខេមរា