មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ជិត៩០នាក់ ដែលមានស្នាដៃរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ទទួលបានការតម្លើងឋានន្តរសក្តិ និងប័ណ្ណសរសើរពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស !

ខេត្តព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានធ្វើការផ្លាស់ប្តូរមុខងារ តម្លើងឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់នាយ និងនាយរងកងរាជអាវុធហត្ថខេត្ត ចំនួន ៨៩នាក់ បន្ទាប់ពីនាយ នាយរងអាវុធហត្ថទាំងនោះ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវតួនាទី និងភារកិច្ច លើការអនុវត្តច្បាប់ តាមបទបញ្ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នោះរួចមក។
ពិធីនេះបានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយ នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្ត ប្រមាណ ៦០នាក់ កាលពីថ្ងៃទី២២មិថុនាឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។
យោងរបាយការណ៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបង្ហាញថា មន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន ៨៩នាក់ ដែលមានស្នាដៃនៅក្នុងកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការរក្សាសេចក្តីសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាយ និងនាយរងអាវុធហត្ថខេត្តទាំងនោះ ត្រូវបានអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់កិត្តិយស តាមរយះការលើកទឹកចិត្ត ដោយក្នុងនោះ នាយអាវុធហត្ថខេត្ត ៧នាក់ ទទួលបានការតែងតាំងមុខតំណែងថ្មី ការបំពាក់ឋានន្តរសក្តិ ២៧នាក់ គឺថ្នាក់វរៈសេនីយ៍ត្រី ៣រូប, ថ្នាក់អនុសេនីយ៍ឯក ៦រូប, ថ្នាក់អនុសេនីយ៍ទោ ៦រូប, ថ្នាក់អនុសេនីយ៍ត្រី ៨រូប, ថ្នាក់នាយចំណង់ ១រូប, ថ្នាក់ព្រិន្ទបាលឯក ២រូប និងថ្នាក់ព្រិន្ទបាលទោ ១រូប ផងដែរ។
ដោយឡែក អ្នកទទួលប័ណ្ណសរសើរ និងលិខិតសរសើរ ២៩រូប ក្នុងនោះ ប័ណ្ណសរសើរអគ្គបញ្ជាការ ១០រូប, លិខិតសរសើរអគ្គបញ្ជាការ ១០រូប និងលិខិតសរសើរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៩រូប ថែមទៀតផង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ ដាស់តឿនដល់មន្ត្រីអាវុធហត្ថ ដែលទើបទទួលបានមុខងារ តួនាទី និងការតម្លើងឋានន្តរសក្តិថ្មី ក៏ដូចជានាយ និងពលអាវុធហត្ថខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច លើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការថែរក្សាសុខសុវត្ថិភាពសង្គម ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជូនអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះសម្រាប់អនុវត្ត អោយបានល្អប្រសើរ ថែមទៀត។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា ក្រៅពីការអនុវត្តតួនាទី ភារកិច្ចទាំងអស់នេះ ក៏ត្រូវពង្រឹងលើការគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើ និងក៏ត្រូវមានក្រមសីលធម៌ ក្នុងការរស់នៅ ព្រោះយើងជាកូនចៅប្រជាពលរដ្ឋ ត្រូវចូលរួមនៅក្នុងកិច្ចការងារសង្គមធម៌ និងមនុស្សធម៌ អោយបាគ្រប់ៗគ្នា ដើម្បីជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានផ្តាំផ្ញើ នាយ នាយរង និងពលអាវុធហត្ថខេត្តទាំងអស់ ត្រូវថែរក្សាសុខភាព និងបង្កើនការអនាម័យអោយបានល្អ តាមរយះការរស់នៅស្អាត ហូបចំណីអាហារឆ្អិនល្អ ផឹកទឹកក្តៅឆ្អិនដាំពុះ សម្អាតបរិវេណកន្លែងរស់នៅ ត្រូវពាក់ម៉ាស លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬទឹកជែល ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា ៕