កែប ៖ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ ។ កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការ អធិការរងក្រុង ស្រុកពាក់ព័ន្ធ ក្រុមចំរុះប្រចាំការផែ កោះទន្សាយ ឆ្នេរ ផ្សារក្តាម តំណាងក្រុមអន្តរាគមន៍ជានារី និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ឃុំ សង្កាត់សរុបចំនួន109នាក់ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងមតិចូលរួមពីសមាជិកអង្គប្រជុំអំពីចំណុចខ្លាំង,ខ្សោយ និងបញ្ហាប្រឈមរួចមក ។
ថ្លែងទៅកាន់អង្គប្រជុំដោយអនុវត្តតាមប្រសាសន៍ដឹកនាំ យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាមូលដ្ឋានក្នុងខេត្ត ឱ្យមានស្ថិរភាពល្អប្រសើរ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយ និងណែនាំក្រើនរំលឹក ជម្រុញ ដាសតឿនដល់គ្រប់ផែនការងារ ការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំង៥ ត្រូវប្រមូលផ្តុំកំលាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមអន្តរាគមន៍នៅតាមអង្គភាពនីមួយៗដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានប្រសិទ្ធភាព និងជួយអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលាតាមសំណូមពរចាំបាច់របស់ប្រជាជន ព្រមទាំងបង្កើនវិធានការល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ សកម្មភាពក្មេងទំនើង ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ។ បន្ថែមពីនេះត្រូវបន្តខិតខំក្តាប់ឱ្យបានមុខសញ្ញាពួកប្រឆាំងក្រៅច្បាប់ ដែលបង្កអស្ថិរភាពដល់ប្រទេសជាតិ ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ បូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ។ ត្រូវបន្តយកចិត្តទុកដាក់ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រៀមមធ្យោបាយក្នុងការជួយសង្គ្រោះ ប្រជាជនឱ្យបានទាន់ពេលវេលា គោរពអនុវត្តឱ្យបាននូវវិន័យរបស់កងកំលាំងនគរបាលជាតិ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ និងចូលរួមអនុវត្តវិធានការ បង្ការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខភិបាល ឱ្យបានជាប់ជាប្រចាំ ៕