ខេត្តកំពង់ធំ៖ រមណីដ្ឋាននេះមានផ្ទៃក្រឡា ២០០ ម៉ែត្រx ២០០ ម៉ែត្រ= ៤០០០០ម៉ែត្រការ៉េ ដែលមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគុហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងរចនាបថឃ្លាំង។ ប្រាសាទគុកនគរមានបណ្តោយប្រវែង ៤៥ម៉ែត្រ និង ទទឹងប្រវែង ៣៥ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មក្រៀមដែលមានកំពស់ ៣ម៉ែត្រ។ ប្រាសាទគុកនគរចែកចេញជាបីផ្នែក៖
ផ្នែកទី១មានកំពស់៨ម៉ែត្រ
ផ្នែកទី២មានកំពស់១២ម៉ែត្រ
ផ្នែកទី៣មានកំពស់១៥ម៉ែត្
ប្រាសាទគុហនគរជាប្រាសាទដ៏ល្អមួយ ដែលជាទីចាប់ អារម្មណ៍របស់ភ្ញៀវអន្តរជាតិត្រូវបាន យកចិត្តទុក ដាក់ថែរក្សាការពារពី អាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ គណៈកម្មាធិការវត្ត ជាពិសេសការយកចឹត្តទុកដាក់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ផងដែរ ។ ប្រាសាទ គុហនគរជាកន្លែងទស្សនាបន្ទាប់ពីប្រាសាទសំបូរព្រៃ គុក និង តំបន់ភ្នំសន្ទុក
ប្រាសាទ នេះកសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់ បែរមុខទៅទិស ខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មានគោបុរៈ ( ទ្វារ ឆ្លងកាត់កំពែងប្រាសាទ ) ចំនួនបី ។
គោបុរៈខាងកើតកម្ពស់ ៩ ម៉ែត្រ មានទ្វារចូលចំនួន ៣ កន្លែង ។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និង មាននៅសងខាងចំនួនពីរ ទៀត ។ គោបុរៈខាងលិចមានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបាន ទេ ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែ ចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាង ក្រៅសម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោច ទឹកនៅលើសិវលិង្គ ( ស្ថាណាទ្រោនី )។
នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មាន បន្ទប់ និង យ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង ។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុសល្អវិចិត្រ ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី ។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។
នៅក្បែរតួប៉ម ( ទិសអាគ្នេយ៍ ) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ ( បណ្ណាល័យ ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ ម៉ែត្រ ។
តាមការឱ្យដឹងពីចៅអធិការវត្តនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែ ក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាង វត្តទៅវិញ ។ ហេតុដូចនេះហើយបានជាយើងឃើញ ថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់ វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ ។ បច្ចុប្បន្នទំនប់ ស្រះ តួស្រះ និង ទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយ ទៅជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំង មូលត្រូវបានកែប្រែទាំងស្រុង ។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយក៏ក្លាយទៅជា កន្លែងកប់ខ្មោចដែរ ៕