រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងខេត្តរតនគិរី ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ !

ខេត្តរតនគិរី៖ សេចក្តីអំពាវនាវរបស់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែងក្នុងពិធី ធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅក្នុងខេត្តរតនគិរី ភាគឥសាន្តប្រទេស ស្របពេលដែលកម្ពុជា កំពុងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស។
នៅក្នុងការធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្រោមកិច្ចសហការ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។
ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក «គ.ស.ច.គ» លោកស្រី មឹន មាណវី ដែលមានការចូលរួម ពីអភិបាលរងខេត្តរតនគិរី លោក យឹម ផែន មន្ត្រីរាជការជុំវិញខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានអោយដឹងថា នៅក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ មន្ទីរបានរៀបចំបង្កើតកម្មវិធី ឆ្លើយសំណួរ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាព និងអោយយុវជន រៀនប្រើប្រាស់កម្មវិធី អប់រំ អំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការរៀនសូត្រ អំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រឡងសាកល្បងសមត្ថភាពរបស់ខ្លួន ព្រមទាំងការចែកជូនមួកសុវត្ថិភាព និងឯកសារមួយចំនួន ដូចជា សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត ជាច្រើនផងទៀត។
អភិបាលរងខេត្តរតនគិរី លោក យឹម ផែន បានថ្លែងថា យុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានធ្វើឡើងនៅក្នុងពេលនេះ គឺមានគោលបំណងពញ្ជាក់ស្មារតីប្រជាពលរដ្ឋគ្រប់រូប ជាពិសេស អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ឲ្យមានការភ្ញាក់រលឹក និងផ្លាស់ប្ដូរឥរិយាបថ មិនគោរពច្បាប់ ឲ្យចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែក ឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយថយចុះមកនៅកម្រិតទាបបំផុត ព្រោះថា កត្តាមនុស្ស និងកត្តាមធ្យោបាយ គ្រាន់តែជាកត្តារួមផ្សំ តែប៉ុណ្ណោះ ហើយកត្តាសំខាន់ ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺខ្លួនយើង។ លោក យឹម ផែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ ត្រូវចេះគោរពខ្លួនឯង ត្រូវចេះកំណត់អ្វីដែលត្រូវធ្វើ និងអ្វីមិនគួរធ្វើ។ ហើយយើងទាំងអស់គ្នា ត្រូវចេះជួយអប់រំដល់ក្រុមគ្រួសារ បងប្អូន និងញាតិមិត្ត អោយគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ដូចពាក្យស្លោកថា «ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។