កំពត៖ ប្រជាពលរដ្ឋ អស់សង្ឃឹមនឹងលោក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត ដែលព្រងើយកន្តើយ មិនខ្ខីអើពើ និងការរលាយហិនហោច ដោយសារគ្រឿងចក្រលោក មាស ខេមរ៉ា ហៅម៉ៅ កំពុងតែជីកកាយភ្នំកកេះ ដោយពុំមាន ការហាមឃាត់នោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាទេដឹង បានជាបណ្តែតបណ្តោយ ឲ្យមានការជីកបំផ្លាញភ្នំរបៀបនេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ភ្នំកកេះ ដែលមានទីតាំងខាងក្រោយ វិទ្យាល័យព្រះរាជសម្ភារៈ ស្ថិតក្នុងភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត បាននិងកំពុងទទួលរង នូវការជីកកាយ យកអាចម៍ដី ដោយគ្រឿងចក្រ យ៉ាងកក្រើក។ ពុំនោះសោត បើយោងតាមប្រភពបានឲ្យដឹងថាអ្នកដែលកំពុងជីកកាយដីនៅចំណុចខាងលើនោះគ្មានច្បាប់អនុញ្ញាតនោះឡើយ សម្រាប់ក្រុមហ៊ុនអាជីវកម្មដែលមានការអនុញ្ញាតត្រឹមត្រូវនោះគឺកំពុងតែធ្វើសកម្មភាពអាជីវកម្មតាមកន្លែងកំណត់របស់ស្ថានប័នជំនាញ ។
ទីតាំងភ្នំកកេះដែលឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយយ៉ាងសកម្មដែលប្រភពបង្ហើបថា គ្មានច្បាប់នោះ សម្លឹងចេញពី កណ្ដាលក្រុងកំពត ភ្នំកកេះ ស្ថិតនៅក្បែរផ្លូវធ្វើដំណើរ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិទឹកឈូ ដែលដើមឡើយ ពោរពេញដោយ ទេសភាពពណ៌បៃតង ពេលនេះ មានភាពរិចរិល ឃើញតែស្លាកស្នាមនៃ ការជីកកកាយ កើតជារណ្តៅធំៗ។ បើចូលទៅកៀក ការដ្ឋានផ្ទាល់នោះ នឹងឃើញសកម្មភាព គ្រឿងចក្ររបស់ ក្រុមហ៊ុនមួយ កំពុងធ្វើសកម្មភាព ដ៏មមាញឹក បំផុត ដើម្បីយកអាចម៍ដីលក់ទៅទីកន្លែងផ្សេងៗ។
តាមប្រភពបានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៤ ក្រុមហ៊ុនអាជីវកម្មទាំងអស់ដែលមានច្បាប់ជីកដល់ចំណុចនេះ ជំនាញតម្រូវឱ្យប្តូរទីតាំងថ្មី លើសពីនោះទៀត ជំនាញបានណែនាំឱ្យម្ចាស់ស្តារបរិស្ថានឡើងវិញ ដោយការដាំដើមឈើលើដីដែលបានជីកកាយរួចទៀតផង ។ ទោះយ៉ាងនេះក្តីគេសង្កេតឃើញនៅពេលបច្ចុប្បន្ននេះមានឈ្មួញកំពុងតែធ្វើសកម្មភាពជីកកកាយយ៉ាងសកម្មដោយមិនគោរពតាមការណែនាំរបស់ស្ថាប័នជំនាញ ឡើយ ។ ម្យ៉ាងទៀតក្រុមរថយន្តដឹកជញ្ជូនអាចម៍ដី ក៏បានបង្កហានិភ័យដល់ពលរដ្ឋរស់នៅក្បែរភូមិសាស្ត្រនោះផងដែរ ដូចជាការបង្ហុយធូលីដីមានសភាពហុយទ្រលោមចាប់ពីព្រឹកដល់ល្ងាចទៀតផង។
ភាពហិនហោច ទាំងរុក្ខជាតិ ទាំងដីភ្នំនេះ បានរំកិលយ៉ាងខ្ពស់ ទៅជិតដល់កំពូលភ្នំទៅហើយទាំងនេះ ត្រូវបានគេដាក់ការ រិះគន់លើជំនាញ និងផ្នែកពាក់ព័ន្ធ ដែលមិនចាត់ការទប់ស្កាត់ បណ្តោយឱ្យម្ចាស់ការដ្ឋាននោះ ធ្វើព្យុះ ធ្វើភ្លៀង ស្រេចអំពើចិត្ត ។
ប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាចាត់វិធានការទប់ស្កាត់ចំពោះសកម្មភាពនៃការជីកកកាយភ្នំកកេះនេះតាមតែអំពើចិត្តបែបនេះ ៕