ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ ថ្មីរបស់ រាជរដ្ឋាភិបាល និងសភាពការណ៍ថ្មីៗរបស់សង្គមជាតិ រួមទាំងស្ថានការណ៍ វិវត្តនៃការឆ្លងរីករាល ដាលមេរោគកូវីដ១៩ និងការងារជម្រុញដល់បណ្តាកងឯកភាពយកចិត្តទុកដាក់លើការងារបង្កើនផលចិញ្ចឹមសត្វ ដល់យោធិន ដែលបានចូលរួម នៅទីបញ្ជាការតំបន់សឹករងកំពង់ធំ ចំនួន១២៦ នាក់ ព្រឹកថ្ងៃទី ២៩ខែមិថុនា ឆ្នាំ ២០២០ ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានផ្សព្វផ្សាយ អំពី គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌឹតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដោះស្រាយកញ្ចប់ថវិកា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺវីដ១៩ និងវិធានការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងរីលរាលដាលមេរោគកូវីដ ១៩
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តការប្រុងប្រយ័ត្ន ការពារខ្លួន ឲ្យជៀសផុតពីការឆ្លងមេរោគកូវីដ១៩ ដោយត្រូវអនុវត្តន៍ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈ បច្ចុប្បន្ននេះនៅលើពិភពលោក មានមនុស្សជាង១០លាននាក់ ដែលបានឆ្លងមេរោគកូវីដ១៩ នេះ ក្នុងនោះក៏មានមនុស្សស្លាប់ ជាង៥០ម៉ឺននាក់ រហូតមកដល់ពេលនេះ មិនទាន់រកឃើញមានវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលនោះឡើយទេ ។
ឯកឧត្តម សោម ស៊ុន បានការកោតសើរដល់យោធិន ទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលអនុវត្តន៍បានល្អ ក្នុងកិច្ចការ ការពារខ្លួនឲ្យជៀសផុតពីការឆ្លងរីករាលដាលមេរោគកូវីដ១៩ ក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន ក៏បានជម្រុញឲ្យយោធិនទាំងអស់ត្រូវខិតខំអនុវត្តន៍ខ្លឹមសារប្រឡងប្រណាំង លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយបង្កើនជីវភាពរស់នៅរបស់កងទ័ព នៅក្នុងអង្គភាព និងជួយសម្រួលដោះស្រាយជីវភាពដល់ក្រុមគ្រួសារផងដែរ ។
ដោយ ប៊ុន រដ្ឋា