ខេត្តស្ទឹងត្រែង៖ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែងចំនួន១៣គ្រួសារ មកពីភូមិចំនួន៥ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយពីសាខាកាកបាទក្រហម ខេត្តស្ទឹងត្រែង តាមរយ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ ។
ក្នុងគ្រាជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយពលរដ្ឋទាំង១៣គ្រួសានៅថ្ងៃទី២៨មិថុនានេះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក៏ដូចជាអ្នកមានជំងឺ ជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះដែរសម្តេចមិនបានប្រកាន់ និងរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោ
បាយអ្វីនោះឡើយ ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយចំពោះ បងប្អូន ដែលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះសំបែងក្នុងគ្រានេះ ។ ទន្ទឹមនោះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តក៏បានជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលនារដូវវស្សានេះឲ្យបានទាន់ពេលវេលានិងចិញ្ចឹមសត្វដើម្បីកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននូវជម្ងឺកូវីដ-១៩ ដែលកំពុងកើតមាន ជាសកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងរងគ្រោះ នូវជម្ងឺនេះផងនោះ ។ គួរបញ្ជាក់ថា:អំណោយដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះ ទទួលបានពេលនេះ មានដូចជា:ក្នុង១គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម.មី១កេស.ត្រីខ១យួរ.ឃីត១កញ្ចប់.តង់១.កន្ទេល១.ឆ្នាំងសម្លរ១ កំសៀវដាំទឹក១ .ចង្អេីរអាំងត្រី១ រួមនិង ថវិកា៥ម៉ឺនរៀលផងដែរ ៕ដោយ: ម៉ាវិន