ឯកឧត្ដម អម សុភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ និងត្រួតពិនិត្យការចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ក្នុងឃុំចំនួន០២ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះ គណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ និងត្រួតពិនិត្យការចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ តាមបណ្ដារភូមិក្នុងឃុំសេដ្ឋី និងឃុំស្វាយ ក្នុងស្រុកសាមគ្គីមានជ័យ ដែលបានអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមជុំប្រមូលទិន្នន័យឆ្នាំ២០១៩ និងតាមការស្នើសុំក្នុងអំឡុងពេលជំងឺកូវីដ១៩ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋានចូលរួមផងដែរ។

ក្នុងឱកាសនោះឯកឧត្ដម អម សុភា បានផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃប័ណ្ណសមធម៌ ជួនដល់គ្រួសារក្រីក្រ ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយជាតិគាំពារសង្គម ដែលផ្តោតលើ ប្រព័ន្ធជំនួយសង្គម ដែលមានគោលបំណងដើម្បីរក្សាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។

ការអន្តរាគមន៍សេវាគាំពារសង្គមនេះ គឺដើម្បីកាត់បន្ថយចំណាយដោយផ្តោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិដែលអាចបណ្តាលឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានសភាពធ្ងន់ធ្ងរឡើង នេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ជាចុងបញ្ចប់ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត បានផ្ដល់ជូនប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព និងធ្វើអនាម័យជាប់ជាប្រចាំដើម្បីការពារជំងឺកូវី-១៩ ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ៕