ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ មេបញ្ជាការកងកម្លាំងទាំងបី អង្គភាព មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើនរូបផងដែរ ស្ថិតក្នុងភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្ដម ប្រាក់ សុវណ្ណ បានថ្លែងថា ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងជម្រុញចម្បង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សវិស័យព្រៃឈើនៅកម្ពុជា ដែលជាសម្បត្តិដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។ ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្ស សត្វលើភពផែនដី ការពារការបម្រែបម្រួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរកតដ៏មានតម្លៃដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្ដម បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាព មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបំផុសចលនាដល់ប្រជាពលរដ្ឋ ក្នុងការស្រលាញ់ធនធានព្រៃឈើ និងការដាំកូនឈើឡើងវិញ នៅតាមទីកន្លែងនានាដូចជា៖ តាមផ្ទះ វត្តអារាម សាលារៀន សហគមន៍ ទីសាធារណៈ និងកន្លែងដែលកំពុងប្រឈមនឹងការសឹករិចរិល ព្រោះធនធានព្រៃឈើនេះមានសារៈសំខាន់ណាស់។
ឯកឧត្ដម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើននូវការទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា ចំពោះជនល្មើសទាំងឡាយណាដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានព្រៃឈើនូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន។
ឯកឧត្ដម វេង សាខុន បានឲ្យដឹងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត នាឱកាសនេះក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់ជីសរីរាង្គ ដើម្បីឲ្យដីមានគុណភាពល្អ និងទទួលបានទិន្នផលខ្ពស់។ ព្រមទាំងបំផុសចលនាដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោះធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត ដែលងាយនឹងជួបហានិភ័យដល់ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដម បានធ្វើការសំនូមពរដល់បងប្អូនប្រជាកសិករទាំងអស់ ត្រូវចូលរួម និងអនុវត្តតាមការណែនាំរបស់មន្ទីរ ក៏ដូចជាការិយាល័យកសិកម្មស្រុក ក្នុងការប្រើប្រាស់ជីសរីរាង្គណាមួយ ដើម្បីឲ្យដីដែលធ្លាក់ចុះគុណភាព មានភាពល្អប្រសើរឡើងវិញ និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងការចូលរួមដាំកូនឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
ឯកឧត្ដម បានជម្រុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តបណ្តុះនូវកូនឈើប្រណិត និងកូនឈើហូបផ្លែបន្ថែមទៀត សម្រាប់ត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋ និងអង្គភាពផ្សេងៗ។
ឯកឧត្ដម រដ្ឋមន្រ្តី បន្ថែមថា ត្រូវបង្កើនការអប់រំនិងណែនាំដល់ប្រជាកសិករតាមរយៈកម្មវិធីដែលបានបង្ហាញពីសារៈសំខាន់ នៅក្នុងការប្រើប្រាស់ជីសរីរាង្គដែលធ្វើឲ្យដីមានគុណភាពល្អ និងទទួលបានទិន្នផលខ្ពស់។ ការគ្រប់គ្រង និងការការពារ ថែរក្សាធនធានព្រៃឈើប្រកបដោយនិរន្តរភាព និងរួមគ្នាខិតខំទប់ស្កាត់ឲ្យបានលើសកម្មភាពអាណាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជម្រុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឲ្យបានរឹងមាំ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ លាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ដើម្បីរក្សាការពារខ្លួនពីការឆ្លងជម្ងឺកូវីដ-១៩ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ ក៏មានការដាំដើមធ្នង់ជានិមិត្តរូបចំនួន ០២ដើម និងចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ គ្រាប់ស្រូវពូជចំនួន ០១បេ ស្មើនឹង២៥គីឡូក្រាម, កូនធ្នង់ចំនួន ០១ដើម និងថវិកាចំនួន ២០,០០០រៀល៕