(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានជំរុញឲ្យអាជ្ញាធរក្រុងស្រុកត្រូវចុះត្រួតពិនិត្យតាមដានការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានឲ្យបានត្រឹមត្រូវ។ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រគេនទានវស្សានិងគ្រឿងឧបភោគបរិភោគជូនទៅដល់ព្រះសង្ឃចំនួន១០វត្តនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃពុធ ១១កើត ខែអាសាឍ ទោស័ក ព.ស.២៥៦៤ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)ដោយមានការអញ្ជើញអាជ្ញាធរក្រុងស្រុកមន្ត្រីរាជការយ៉ាងច្រើន ។
ឯកឧត្តមបន្តថាកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលគឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋានគឺមេភូមិនិងក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់
លាស់និងហ្មត់ចត់បំផុតដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថារាជរដ្ឋាភិបាលរហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀតបើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩នេះអូសអន្លាយបន្តទៀតប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរបើសិនជាស្ថានភាពបានប្រសើរឡើង៕
ជាមួយគ្នានោះដែរឯកឧត្តមបានឲ្យអាជ្ញាធរក្រុងស្រុកត្រូវចុះត្រួតពិនិត្យនៅតាមវត្តអារាមទាំងអស់ជាពិសេសទីវត្តអារាមនៅតំបន់ដាច់ស្រយាល មិនត្រូវទុកឲ្យព្រះសង្ឃដាច់ចង្ហាន់នោះទេ ។
ក្នុងនោះឯកឧត្តមបានរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។
សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបានមានទៀនវស្សា១គូ ស្លាដក១ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួន។គួរបញ្ជាក់ផងដែរថាខេត្តកំពង់ធំមានវត្តអារាមនិងអាស្រមចំនួន៣០២ និងព្រះសង្ឃមានចំនួន ៣៥៨១ អង្គ ។