រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ

ភ្នំពេញ៖នាវេលាថ្ងៃត្រង់នេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌដូនពេញ មន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ដោយបានបញ្ចាប់ការស្ថាបនារួចរាល់100%។

ដើម្បីអោយមានសោភ័ណ្ឌភាពតាមដងវិថីនានា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបការ៉ូឡាថ្មីតាមមហាវិថីធំៗមួយចំនួនសម្រាប់អ្នកថ្មើរជើងក៏ដូចបងប្អូនជនពិការអាចធ្វើដំណើរបាន ជាក់ស្ដែងនៅកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់មុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់មុខក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំគម្រោងរៀបការ៉ូឡាថ្មី នឹងតម្រូវឱ្យបងប្អូនដែលមានផ្ទះដីតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចនោះក្រោមការប្រទានកម្មដីធ្លីរបស់រាជរដ្ឋាភិបាល ត្រូវធ្វើរបងផ្ទះតាមរចនាបថតែមួយដែលរដ្ឋបាលរាជធានីភ្នំពេញចេញគំរូឱ្យសាងសង់៕