ព្រះវិហារ៖ ឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងថាបើគ្មានសន្តិភាព ក៍គ្មានការអភិវឌ្ឍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះតទៅទៀត។
ប្រសាសន៍ថ្លែងបែបនេះ របស់ឯកឧត្តម លី ស៊ុន បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងគ្រាដែលឯកឧត្តម និងលោកជំទាវ ដឹកនាំកម្លាំងក្រោមឱវ៉ាត រួមនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដឹកនាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្ត គីរីសារវ័ន្តខេមរះតេជោ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងថា ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ ហើយការអភិវឌ្ឍន៍មិនមែនមានតែនៅទីនេះទេ គឺមាននៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព សេរីភាពពេញលេញធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នាធ្វើពិធីផ្សេងៗដោយក្តីសប្បាយរីករាយ ពិសេសគឺមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង។
សូមជម្រាបថា ទៀនព្រះវស្សា និងទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន០៧វត្ត ក្នុងពេលនេះ ដោយក្នុងមួយវត្តទទួលបានទៀនមួយគូរ ប្រេងម៉ាស៊ូត, អង្ករ, ទឹកសុទ្ធ, ទឹកក្រូច, ស្លាដក់, និងបច្ច័យមួយចំនួន។ បន្ថែមពីនោះឯកឧត្តម លី ស៊ុន និងលោកជំទាវ ក៏បានចែកជូនលោកយាយ លោកតាសរុបចំនួន១២០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល៕