(កំពង់ធំ)៖ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងលោកជំទាវ ព្រមទាំងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកបា្រសាទសំបូរ និងសហការី លោកមេឃុំ មេភូមិ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន០៥វត្ត ក្នុងស្រុកប្រាសាទសំបូ រួមមាន៖ វត្តទំនប់, វត្តទួលពង្រ, វត្តឈូក, វត្តចន្ទមូលី, វត្តជាយសំពៅ នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅវត្តទួលពង្រ និងវត្តចន្ទមូលី ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ទៀនព្រះវស្សា សម្ភារ គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលឯកឧត្ដមប្រគេនដល់ព្រះសង្ឃសម្រាប់វត្តទាំង៥ នោះគឺក្នុងមួយវត្តៗ ប្រគេនទៀនព្រះវស្សា១គូ, ទេយ្យវត្ថុ១សម្រាប់, អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ត្រីខ២យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ម៉ី២កេស ,ប្រេងឆា១ដប, ម្សៅសាប៊ូ១កញ្ចប់ធំ,សាប៊ូលាងចាន ១ដប និងបច្ច័យចំនួន៥៥០,០០០៛,ព្រមទាំងបានចែកថវិកាជូនលោកតា លោកយាយ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ផងដែរ៕
មានប្រសាសន៍នាឱកាសនោះឯកឧត្ដម ហ៊ឺ វីរ: បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារ៉ាមឱ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ។ ឯកឧត្ដមបន្ថែមទៀតថា ស្របនឹងការរីកចម្រើននេះ ទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំទាំងផ្លូវកាយ ផ្លូវចិត្តប្រព្រឹត្តតែអំពើល្អ រក្សាវប្បធម៌ ប្រពៃ ណីជាតិឱ្យបានគង់វង្សយូរអង្វែងទៀតផង ។
ឆ្លៀតឱកាសនោះឯកឧត្ដ ហ៊ឺ វីរ: បានធ្វើការផ្ដាំផ្ញើ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរត្រូវតែបន្តចូលរួមរឹតបន្តឹងនូវបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អរសោភណភាពទីអារាម ភូមិ ឃុំគ្មានល្បែងស៊ីសង គ្មានក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសគ្រប់រូបភាព ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។