លោក ខេន ឈុនគ័រ ផ្តល់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយកន្លែងនិងផ្ទះមួយខ្នងដល់មន្ត្រីនគរបាលមានជីវភាពខ្វះខាត

(កំពង់ធំ)៖ លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយនិងក្រុមការងារផ្តល់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល
ឃុំកំពង់ស្វាយស្ថិតនៅភូមិទួលក្បិលឃុំកំពង់ស្វាយ និងផ្ទះមួយខ្នងដល់មន្ត្រីនគរបាលមានជីវភាពខ្វះខាតស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី ០៦ ខែកក្តដា ឆ្នាំ ២០២០ ។
លោក ខេន ឈុននគ័រ បានលើកឡើងថាដើម្បីជួយសម្រួលដល់មន្ត្រីនគរបាលដែលមានជីវភាពខ្វះខាតលោកបានធ្វើការអំពាវនាវដល់មន្ត្រីនិងសប្បុរសជនឲ្យជួយសាងផ្ទះជូនលោក អ៊ុក សែត ជាមន្ត្រីនគរបាលដែលមានជីវភាពខ្វះខាត
រស់នៅជាមួយកូន៧នាក់ប្រពន្ធស្លាប់ចោលជាង១០ឆ្នាំមកហើយ មានតែកូនផ្ទះតូចមួយរស់នៅសង្ឃឹមតែប្រាក់ខែដើម្បីចិញ្ចឹមកូន។ដោយមើលឃើញពិការលំបាកលោកក៏បានអំពាវនាវរកថវិកាសង់ផ្ទះទាមជាប់ដីមានទំហំ៧ម៉ែត្រx៦ម៉ែត្រធ្វើអំពីថ្មចាក់បេតុង ជញ្ជាំងនិងដំបូលស័ង្កសី ចំណាយថវិកាអស់១១.៩៤១.៥០០រៀល។
ដោយឡែកសម្រាប់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយត្រូវបានប្រគល់ពេលនេះមានទំហំ៩ម៉ែត្រx៤,៥០ម៉ែត្រ
ធ្វើពីថ្មចាក់បេតុង ជញ្ជាំងថ្ម ដំបូលស័ង្កសី និងចាក់ដីខាងមុខ ដោយចំណាយថវិកាអស់២១.៨៤០.០០០ រៀល ។
លោកបានបន្តថាសម្រាប់ការសាងសង់ផ្ទះនិងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលនេះមិនមែនជាលើកទីមួយទេ គឺបានសាងសង់ផ្ទះចំនួន៣ខ្នងមកហើយ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៤ដងមកហើយដែរ ។
ក្នុងពិធិប្រគល់ទទួលលោក ខេន ឈុនគ័រ ក៍បានបញ្ជាក់ផងដែរថាលោកតែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីជួយដោះស្រាយដល់មន្ត្រីដែលមានជីវភាពខ្វះខាត និងមានជម្ងឺក្នុងឱកាសនេះផងដែរលោកបានផ្តាំផ្ញើដល់មន្ត្រីនគរបាលក្នុងស្រុកកំពង់ស្វាយទាំងអស់ត្រូវមានការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងសូមឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះឲ្យបានគង់វង្ស ពិសេសខិតខំការពារសន្តិសុខសណ្តាប់និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សទាន់ពេលវេលា។
ជាមួយគ្នានេះដែរមន្ត្រីននគរបាលនិងប្រជាពលរដ្ឋមានការសប្បាយចិត្តដែលទទួលបានផ្ទះនិងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល សូមជូនពរលោក ខេនឈុនគ័រ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ។