រដ្ឋបាលខេត្តស្ទឹងត្រែងបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅស្រុកសេសាន

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ សម្រាប់ប្រជាពល
រដ្ឋរស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងធ្វើ
ការដាក់ពាក់បណ្តឹងតវ៉ាក្នុងករណីខុសទិន្នន័យក្បាលដីជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ការប្រកាសផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដីធ្លីជាច្រើននាក់ដែរ នៅក្នុងបរិវេណការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកសេសាន ។

ក្នុងឱកាសនោះ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឲ្យដឹងថា:ក្រោយពីរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងស្តីពីការប្រ
កាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិកំភុនរួចមក មន្ទីរបានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចំនួន១ក្រុម ដើម្បីចុះធ្វើការវាស់វែង និងបំពេញទំរង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។លោកថា:បន្ទាប់ពីវាស់វែងបំពេញបែបបទរួចរាល់ហើយ មន្ទីរធ្វើការបិទផ្សាយជាសា
ធារណៈរយៈពេល១៥ថ្ងៃ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដី បានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន មុននិងចេញប័ណ្ណកម្មសិទ្ធ។ លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះ សូមទៅពិនិត្យទិន្នន័យលើក្បសលដីរបស់ខ្លួន ចាប់ពីថ្ងៃទី០៧ ខែកក្កដា នេះតទៅរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខ ដើម្បីជៀសវៀ
ង ការមានកំហុសឆ្គងអំពីទិន្នន័យ ដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញប័ណ្ណកម្មសិទ្ធិនេះមិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា:ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺសម្រាប់ភូមិកំភុន ហើយក៏ជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ ដែលអាចកែប្រែនូវរាល់កំហុសឆ្គងលើទិន្នន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បីឈានទៅរកការសម្រេចចេញជាប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ប្រជាពលរដ្ឋក្នុងភូមិ ដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនមានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មានទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការរំលោភបំពានពីអ្នកណាម្នាក់ឡើយ ។ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា: នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីបញ្ឈប់ទាំងស្រុង នូវរាល់បញ្ហាវិបត្តិដីធ្លីរ៉ាំរ៉ៃ ដែលតែងតែកើតមាន
ឡើងចំពោះប្រជាពលរដ្ឋ និងធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រោះក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីហើយ ប្រជាពលរដ្ឋអាចយកប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ។

សូមបញ្ជាក់ថា:ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិកំភុននេះផងដែរ មានដីសរុបចំនួន១១០៦ក្បាលដី ស្មើនឹង២០៦២,២៣ហិកតា និងមានចំនួន៦៨៨គ្រួសារ ។ ក្នុងនោះមានជាប្រភេទដីកសិកម្ម ដីលំនៅដ្ឋាន ដីត្រពាំង ដីព្រៃកប់ខ្មោច ដីរួម ដីវត្ត ដីទួលអ្នកតា ដីក្រោមរដ្ឋបាលស្រុក និងដីកម្មសិទ្ធិរដ្ឋជាដើម ៕