ព្រះវិហារ៖ លោក ព្រហ្ម ធី ហៅ (ធីម្រេច) មានអំណាចដ៏មហិមារកស៊ីបទល្មើសដឹកឈើគ្មានយ៉ាងអានាធិបតេយ្យទោះបីជាសមត្ថកិច្ចថ្នាក់ណាក៏ លោកមេឈ្មួញម្នាក់នេះមិនកោតញញើតនោះឡើយ ។ ជារៀងរាល់ថ្ងៃយប់ពលរដ្ឋរស់នៅតាមដងផ្លូវជាតិ លេខ ៦២ ក្នុងស្រុក រវៀង ខេត្តព្រះវិហារ ទៅកាន់ព្រំប្រទល់ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គេសង្កេតឃើញសកម្មភាពឈ្មួញខាងលើនេះ តែងតែដឹកជញ្ជូនឈើតាមរយៈរថយន្តសាំងយ៉ុងកែច្នៃចំនួន ២គ្រឿង ធ្វើសកម្មភាពដឹកជញ្ជូនទាំង យប់ទាំងថ្ងៃមិនក្រោមពី ២ទៅ ៣ជើងនោះទេ ។
ប្រភពមួយចំនួនពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រហែលជាមេឈ្មួញ ឈ្មោះព្រហ្ម ធី នេះអាងអំណាចកូនរបស់ខ្លួនបំរើការនៅអង្គភាពប្រឆាំងអំពើពុករលួយហើយមើលទៅបានជាសមត្ថកិច្ចណាក៏លោកមេឈ្មួញមហាអស្ចារ្យម្នាក់នេះមិនខ្ចីខ្លាចដែរ ។
បើតាមការលួចខ្សឹបពីមន្ត្រីសមត្ថកិច្ចមួយចំនួនតូចបាន ប្រាប់ថា កន្លងមកបុគ្គលរូបនេះធ្លាប់ ដើរបោះពាក្យសម្តីគំរាមសមត្ថកិច្ចថា បើនរណាហ៊ានទទួលយកលុយពីការរកស៊ីដឹកឈើល្មើសច្បាប់ពីរូបគេហើយ ហានចាប់ឡានគេទៀត ប្រយ័ត្នគេប្តឹងទៅ ស្ថាប័នអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ដោយ មេឈ្មួញឈ្មោះ ព្រហ្ម ធី ម្នាក់នេះអះអាងថា គេមានកូនធ្វើការនៅទីនោះ ដូច្នេះហើយទើបសមត្ថកិច្ចមួយចំនួនរួញខ្លួនមិនហ៊ានចេញមកក្បែរមេឈ្មួញដឹកឈើខុសច្បាប់ម្នាក់នេះទេ ព្រោះខ្លាចជាប់គុក ដោយសារឈ្មោះ ព្រហ្ម ធី ប្តឹងទៅអង្គភាពដេកស៊ីយូរបស់កូនគាត់។
ពាក់ព័ន្ធករណីខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានភ្ជាប់ការទំនាក់ទំនងទៅកាន់លោក សុំ ស៊ីវត្ថាហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោកបានឲ្យដឹងតាមទូរស័ព្ទថា : បន្តិចទៀត..ខ្ញុំនឹងឲ្យកម្លាំងចុះចាត់វិធានការ ។ ប៉ុន្តែមិនមានសកម្មភាពអ្វីទាំងអស់។
អ្នកយកព័ត៌មានយើងបានភ្ជាប់ការទំនាក់ទំនងបន្តទៅលោក ឡាយ ម៉េង ប្រធានស្នាក់ការបរិស្ថានអូរពោធិ៍និងលោក មាស ញឹមប្រធានស្នាក់ការបរិស្ថានបឹងពែរ មិនអាចសុំការបំភ្លឺតាមទូរស័ព្ទបានទេ កាលពីថ្ងៃទី០៣ ខែកក្កដា ២០២០ ។
សូមរំលឹកថា មានមូលហេតុច្រើនយ៉ាងដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺសមត្ថកិច្ចក្នុងស្រុករវៀង ខេត្តព្រះវិហារ អាចឃុបឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចនេះឯង។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្នករកស៊ីឈើខុសច្បាប់ច្រើនតែជាអ្នកមានឥទ្ធិពលឬមានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពីធ្វើគធ្វើថ្លង់នោះឡើយពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន តួយ៉ាងដូចជាករណីមេឈ្មួញឈ្មោះ ព្រហ្ម ធី ខាងលើនេះអញ្ចឹង។
តែទោះយ៉ាងណាពលរដ្ឋ និងមហាជនសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងមានវិធានការទប់ស្កាត់បញ្ហាបទល្មើសដឹកឈើខុសច្បាប់របស់មេឈ្មួញខាងលើនេះ ឲ្យមានប្រសិទ្ធភាពដើម្បីអនុវត្តន៍តាមប្រសាសន៍របស់ ឯកឧត្តម អភិបាលខេត្តព្រះវិហារដែលដាក់វិធានការយ៉ាងតឹងរឹងក្នុងការជម្រុញអោយមន្ត្រីពាក់ព័ន្ធទាំងអស់ ទប់ស្កាត់អោយបាននូវរាល់បទល្មើសនានា ។ ជាពិសេស បទល្មើសធនធានធម្មជាតិនេះតែម្តង ៕