នគរបាលស្រុកបវេលចូលរួមជួសជុលលំនៅ​ដ្ឋានពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងឃុំក្តុលតាហែន​ ស្រុកបវេល

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ​ អង្គា​រ​ ២រោច​ខែ​ អាសា​ឍ​ ​ឆ្នាំ​ជូតទោស័ក​ ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី​ ៧​ខែ​ កក្កដា​ ឆ្នាំ​២០២០​ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេ​នីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការ​ដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​វរសេ​នីយ៍​ទោ​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែនការងារ​នគរបា​ល​​ព្រហ្មទណ្ឌ​ទទួលដឹកនាំការងារនៅអធិការ​ដ្ឋាន​នគរបាលស្រកបវេល​បានជម្រុញដល់លោក​​វរសេនីយ៍ទោ​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ បាន​ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន​ ស្រុក​ ឃុំ​ ភូមិ​ចុះជួយជួសជុលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយករណីខ្យល់កន្រ្តាក់ដែលបានបង្កឱ្យរលំខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅ​ក្នុងឃុំក្តុលតាហែន​ ស្រុកបវេលចំនួន៥២ខ្នងកា​ល​ពីល្ងាចថ្ងៃទី៦​ ខែ​ កក្កដា​ ឆ្នាំ​២០២០​ម្សិល​មិញ។

សូមជម្រាបជូនថា៖​ កាលពីល្ងាចថ្ងៃទី៦​ខែ​ កក្កដា​ ឆ្នាំ​២០២០​ នៅក្នុងភូមិសាស្រ្តស្រុកបវេលមាន​ភ្លៀងធ្លាក់និងលាយឡំដោយខ្យល់កន្រ្តាក់ព្រម​ទាំងរន្ទះផងបានបោកបក់លេីលំនីដ្ឋានរបស់ប្រ​ជាពលរដ្ឋ​នៅស្រុកបវេល​និងស្រុកមួយចំនួនទៀត ដែលក្នុងនោះបោកបក់ខ្លាំងនៅឃុំក្តុលតាហែន​ រហូតបណ្តាលឱ្យខូចខាតលំនៅដ្ឋានពលរដ្ឋសរុបចំនួន៥២ខ្នងផ្ទះ​ ហេីតខូចខាតធ្ងន់ធ្ងរចំនួន០៤ខ្នង​ ព្រមទាំងស្លាប់សត្វគោចំនួន​០២ក្បាលដោយសាររន្ទះបាញ់ផងដែរ៕