ឯកឧត្ដម អម សុភា អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងតាមដានត្រួតពិនិត្យការងារដាំដុះរបស់សម្បទានិកនៅឃុំក្រាំងល្វា និងឃុំឈានឡើង ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានឡាសិត២ប្រចាំខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ស្រុក រួមជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត ស្រុក បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងតាមដានត្រួតពិនិត្យការងារដាំដុះរបស់សម្បទានិកនៅភូមិខ្សាច់ស ឃុំក្រាំងល្វា និងភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តម អម សុភា ក៏បានសាកសួរអំពីការងារបង្កបង្កើនផល ការចិញ្ចឹមសត្វ ការរស់នៅចិញ្ចឹមជីវិតប្រចាំថ្ងៃ បន្ទាប់ពីទទួលបានដីសម្បទានស្របច្បាប់តាមរយ:គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស ពូជដំណាំ ធនធាននានាតាមរយ:គម្រោងឡាសិត២នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រុញឱ្យសម្បទានិកខិតខំប្រើប្រាស់ដី ដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ បង្កើនចំណូលគ្រួសារលើដីកសិកម្ម និងដីលំនៅដ្ឋាន ៕