កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគិរី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការចែកប័ណ្ណសមធម៌ និងការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ។
ក្នុងនោះ ក្រុមការងារបានចែកអំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃគ្រី ចំនួន ២៥ គ្រួសារ នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ (១០គីឡូក្រាម) មី (១កេស) ទឹកត្រី (១យួរ) ទឹកស៊ីអ៉ីវ (១យួរ) និងថវិកា ១០ ០០០ រៀល។
បន្ទាប់មក ឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍនៈភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី និងការបង្ការទប់ស្តាត់ និងវិធានការរបស់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ-១៩ ដែលប្រព្រឹត្តទៅសាលប្រជុំសាលាស្រុកជលគិរី។
ខ្លឹមសារនៃកិច្ចប្រជុំ រួមមាន៖
១. ក្រុមការងារត្រូវពិនិត្យ និងទទួលខុសត្រូវក្នុងការផ្តល់ប័ណ្ណសមធម៌ និងការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រ ១ និងក្រ ២ ឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។
២. ពិនិត្យ និងជៀសវៀងដាច់ខាតការផ្តល់ប័ណ្ណសមធម៌មិនចំគោលដៅ។
៣. បន្តពិនិត្យ និងតាមដានស្វែងរកគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ដែលពុំទាន់បានស្រង់អស់នៅឡើយ ក្នុងកំឡុងពេលការរីករាលត្បាតនៃជំងឺកូវីដ-១៩ ដែលនៅពុំទាន់មានប័ណ្ណសមធម៌។
៤. ជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំចិញ្ចឹម និងដាំដុះដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព។
៥. ពិនិត្យកែសម្រួលសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគិរី ដែលមាន ១ រូប បានទទួលមរណៈភាព និងអនុប្រធានថ្នាក់ជាតិ ១ រូបទៀត បានផ្ទេរចេញ និងក្រមការងារមួយចំនួនចូលនិវត្តន៍។
៦. សូមចូលរួមទប់ស្តាត់ការទន្រ្ទានយកដីរដ្ឋ ពីបងប្អូនប្រជាពលរដ្ឋ ពិសេសអាជ្ញាធរដែនដីផ្ទាល់តែម្តង។
៨. បានប្រគល់ជូននូវសម្ភារប្រើប្រាស់ (អាកុល ៦០ លីត្រ និងម៉ាស់ចំនួន១០០០) សម្រាប់ក្រុមការងារថ្នាក់ស្រុក។
ក្នុងនោះដែលឯឧត្តមប្រធានក្រុមការងារ បានដាក់ផែនការបន្តក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ចុះចែកអំណោយដល់គ្រួសារក្រីក្រនៅតាមបណ្ដាលឃុំដូចខាងក្រោម÷
-ឃុំជលសា ចុះចែកអំណោយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ៣០ គ្រួសារ ទីកន្លែង នៅសាលាឃុំ។
-ឃុំពាមឆ្កោក ចុះចែកអំណោយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០មានចំនួន ២០ គ្រួសារ ទីកន្លែង នៅសាលាឃុំ។
-ឃុំកោះថ្កូវ ចុះចែកអំណោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ៥០ គ្រួសារ ទីកន្លែង នៅសាលាឃុំ។
-ឃុំកំពង់អុស ចុះចែកអំណោយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២០ គ្រួសារ ទីកន្លែង នៅសាលាឃុំ ៕