(កំពង់ធំ) ថ្ងៃពុធ ៣ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០
រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយនឹងអាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំប្រារព្ធពិធីអបអរសាទរខួប ០៣ ឆ្នាំនៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព អាជ្ញាធរជាតិសំបូរព្រៃគុក រួមទាំង សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។ បានចូលរួម អបអរសាទរខួប ០៣ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ សំបូរព្រៃគុក គឺជាក្រុមប្រាសាទមួយដែលនៅខេត្តកំពង់ធំ ហើយក៏ជាឈ្មោះដែលអ្នកស្រាវជ្រាវបារាំងដាក់ឲ្យ នៅតំបន់នេះមានតួប៉មប្រាសាទច្រើនណាស់ ដែលគិតមកទល់សព្វថ្ងៃគេបានចុះបញ្ជីជាង ៣០០ប្រាសាទ ហើយភាគច្រើនជាសំណង់ធ្វើអំពីឥដ្ឋ។
គួររំលឹកឡើងថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាសកូវ ប្រទេសប៉ូឡូញ គណ:កម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ដែលមានអាយុកាលជាង ១៥០០ ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។ ការដាក់បញ្ចូលនេះ គឺជាសិមិទ្ធិផលដ៏ថ្លៃថ្លា វិសេសវិសាល និងមោទកភាពសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ក្រោមកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
តំបន់ប្រាសាទសំបូរព្រៃគុក ជារតនសម្បត្តិជាតិ ! កិច្ចការពារបេតិកភណ្ឌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប