កំពង់ឆ្នាំង៖ ថ្ងៃពុធ ៣ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់លែង បានបន្តចុះផ្សព្វផ្សាយពីការពារជម្ងឺcovid-19 ជូនដល់ប្រជាពលករដែលបានធ្វើចំណាកស្រុកក្រៅប្រទេស និងប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងឃុំដារ និងឃុំច្រណូក និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ក្រុមការងារ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំក្នុងការធ្វើអនាម័យ ដើម្បីការពារពីជំងឺកូវីដ-១៩ និងកុំមានការធ្វេសប្រហែសឱ្យសោះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ទើបបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមឱ្យពួកគាត់នៅតាមដានសុខភាពជាប្រចាំ និងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
ក្រុមការងារក៏បានធ្វើការពន្យល់បន្ថែមរួមជាមួយវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចជា៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬដោយកែងដៃ, ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ, ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ត្រូវចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួនជាដើម។
ក្នុងនោះក្រុមការងារក៏បានមានចែកខិតប័ណ្ណ បិទសារអប់រំ និងណែនាំ អំពីវិធានការការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ អាជីវកម្ម ផ្សេងៗ និងនៅតាមទីសាធារណៈ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល បន្ថែមទៀតផងដែរ ៕