ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែមិថុនាឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសំរាប់ ខែកក្កដា ឆ្នាំ២០២០បន្ត ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតី ភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ និងមានថ្នាក់ដឹកនាំក្នុងជួរបញ្ជាការ ស្ថាប័ន ជំនាញ និងមេបញ្ជាការ គ្រប់កងឯកភាពក្រោមឱវាទ ដែលមានវត្តមានសរុបចំនួន៧៩ នាក់ ។
បន្ទាប់ពី តាមបណ្តាអង្គភាព បានរាយការណ៍ អំពីលទ្ធផលការងារដែលសម្រេចបានក្នុងខែមិថុនាកន្លងមក រួមទាំងដាក់ទិសដៅការងារសម្រាប់អនុវត្តខែកក្កដាបន្ត រួមទាំងបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានលេខ០៥ប្រកព ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ឋផល នៃសម័យប្រជុំពេញអង្គគណរដ្ឋមន្ត្រី ដែលបានផ្សព្វផ្សាយដោយមន្ត្រីរបស់លេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំផងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ សម្ដែងការកោតសរសើរចំពោះនាយទាហាន និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ចតាមការចង្អុលចុះ ធ្វើឱ្យកិច្ចការបានសម្រេចជូនថ្នាក់លើទាន់ពេលវេលា ក៏ដូចជាបានដោះស្រាយបញ្ហាចៃដន្យកើតមាននឡើងនានាបានល្អប្រសើរផងដែរ។
និងបានប្រគល់ភារកិច្ចសំខាន់ៗ ដែលប្រុងប្រៀបដំណើរការហ្វឹកហ្វឺនជូនយោធិនសម្រាប់ឆ្នាំ២០២០ បន្តពង្រឹងរបៀបរបបការងារ អនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព បន្តយកចិត្តទុកដាក់អនុវត្តការងារប្រឡងប្រណាំងបន្ថែម ដើម្បីធ្វើឲ្យអង្គភាពកាន់តែរឹងមាំ ពិសេសដាច់ខាតមិនត្រូវមានការឃុបឃិតរុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ ដែលរដ្ឋកំពុងអភិរក្សដែលត្រូវប្រឈមនឹងផ្លូវច្បាប់ ក្នុងនោះក៏បានណែនាំយោធិនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការ ប្រយុទ្ធ ប្រឆាំង ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ។
ដោយ ប៊ុន រដ្ឋា