ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដូចហែរកឋិន តែសមត្ថកិច្ចជាច្រើនស្ថាប័ន មានភ្នែកច្រើនដូចផ្លែម្នាស់ តែអសមត្ថភាពក្នុងការ ការពារទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើដោយខុសច្បាប់ ជាហេតុធ្វើឲ្យមានការសង្ស័យថា មានសមត្ថកិច្ចដូចឲ្យមានបទល្មើស មិនត្រឹមតែថយចុះ បែរជាកើនឡើងទៅវិញ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋ បានអះអាងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់ មុនឈានដល់ ឃុំខ្វាវ សុទ្ធតែបានបង់លុយ ឲ្យបរិស្ថាន ជាមុនសិន ទើបអាចធ្វើដំណើរមកបាន ពលរដ្ឋបានអះអាងបន្តថា មន្ត្រីបរិស្ថានពីមុនជិះម៉ូតូ កញ្ចាស់ៗ ចាប់តាំងពីមានសិទ្ធចាប់ឈើ អំណាចពេញដៃ មន្ត្រីបរិស្ថានឃុំខ្វាវមានឡាន ទំនើបជិះគ្រប់គ្នា តែចម្លែកនៅពេល មានថ្នាក់ដឹកនាំ មកកន្លែងស្នាក់ដើម្បី ប្រជុំ បែជា មន្ត្រីបរិស្ថាននាំគ្នាម៉ូតូចាស់មក ចំណែកឡាននាំគ្នាយកទុកលាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ បានធ្វើសកម្មភាព ដឹកជញ្ជូនតាម បណ្តោយផ្លូវឃុំខ្វាវ មកតាមភូមិពង្រីង ឆ្លងកាត់ចុងភូមិព្រៃឆ្កា ឃុំពង្រលើ ឆ្ពោះទៅភូមិចាប៉ី និងភូមិអូ ស្រុកសូត្រនិគម តាមមធ្យោបាយដឹកជញ្ជូន ដោយកាឡេថង និងរទេះគោកង់ធំ បានធ្វើសកម្មភាពស្ទើរតែ ជារៀងរាល់ថ្ងៃ ។
ការដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានម្ចាស់កាឡេថង ឈ្មោះ ហ៊ុន ឈ្មោះ គេង ឈ្មោះរឹត និងឈ្មោះ តាណន ឈ្មោះ លីន បានប្រាប់សារព័ត៌មាន ថា ចំនួនឈើដែលដឹកមួយកាឡេថង ដឹកបាន៧ទៅ ៨ម៉ែត្រគូប ហើយត្រូវបង់ឲ្យ អ្នកកាសែត ប៉ូលិស ប៉េអ៊ឹម មេព្រៃ បរិស្ថាននិងស្ថាប័នដ៏ទៃទៀត ក្នុងមួយកេឡេថងត្រូវចំណាយ ជិត៤០០ដុល្លា ចំណែកការទិញពីព្រៃមួយម៉ែត្រគូប ៨០ម៉ឺនរៀល ហើយនៅពេលទៅលក់បានមួយលាន៦០ម៉ឺន សល់បន្តិចបន្តួច តែក្នុងនោះក៏មានការបើកភ្លើងខៀវពីសមត្ថកិច្ចនៅឃុំ ខ្វាវ ផងដែរ ទើបអាចចរាចរណ៍បាន ។
ចំណែកអ្នកឃ្លាំមើលការអនុវត្តច្បាប់ របស់ក្រុមមន្រ្តីគ្រាប់ល្ពៅ ពេលបានឃើញជាក់ស្តែងទើបអស់សង្ឃឹម និងមិនអាចជឿទុកចិត្តលើការដឹកនាំ របស់លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប និងខកចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រោងរបស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប ដែលពុំមានសមត្ថភាពក្នុងការ គ្រប់គ្រោងមន្រ្តីគ្រាប់ស្តៅ ដែលជាអ្នកការពារអភិរក្សទប់ស្កាត់ព្រៃឈើ មិនត្រឹមតែបទល្មើសថយចុះ តែបែរជាកើនឡើងទៅវិញ ។
មជ្ឈដ្ឋានទូទៅ បានសំណូមពរ ឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត មេត្តាបញ្ជេញស្នាដៃ បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែដឹកជញ្ជូនដោយគ្មានច្បាប់ អនុញ្ញាតិ នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផង បើសិនជាលោក អភិបាលខេត្ត គ្មានចំណាត់ការ តឹងរ៉ឹងចំពោះមន្រ្តីលេមលឺមទេ ក្រុមមន្រ្តីអភិរក្សព្រៃឈើទាំងនេះ បានត្រឹមតែហៃអើៗដូចអាជ័យធ្លាក់ទឹកអញ្ចឹង ដោយសារតែមន្រ្តីបំផ្លាញរាស្រ្តទាំងនេះ បានត្រឹមតែស្រែកគ្រោតៗដូចហ៊ីង ឈើនៅតែដឹក មនុស្សនៅតែកាប់ អ្នកដេកចាំយកលុយក៏នៅតែយក ។
ដោយ ខេមរា