លោក ឃួង ស្រេង ដឹងនាំនិងប្រាកដថាការផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ ដំណើរការទៅដោយរលូន មានតម្លាភាព និងសម្រេចបានជាង៩០%ហើយ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ដំណើរការផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងគ្មានកាកេងបន្លំមក ដែលមកដល់ពេលនេះ សម្រេចបានជាង៩០ភាគរយហើយ សម្រាប់យកដោះស្រាយជីវភាព។

លោក ឃួង ស្រេង បានអៈអាងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដំណើរការ ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងវិបត្តិវីរុស្សកូវីដ–១៩ ដោយមានការប្រុងប្រយ័ត្នជាទីបំផុត ពោលគឺមិនអោយក្រុមការងារពាក់ព័ន្ធប្រព្រឹត្តិបាតុភាពមិនប្រក្រីណាមួយកើតឡើងឡើយ ដូចជាគ្មានការជ្រើសរើសសាច់ញាតិរបស់ខ្លួនឯង ឬ គ្មានការកឹបកេងលុយរបស់ជនក្រីក្រពិតប្រាកដ។

លោកអភិបាលបានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះបានធ្វើឲ្យដំណើរការងារផ្តល់សាច់ប្រាក់ប្រព្រឹត្តិទៅដោយតម្លាភាពនិងទទួលការគាំទ្រពីប្រជាពលរដ្ឋ ព្រោះថា យើងបានហាមប្រាម ក្នុងប្រជុំជាមួយអាជ្ញាធរខណ្ឌ សង្កាត់ទំាង១០៥ មិនឲ្យមានមនោសញ្ចេតនាដាក់ឈ្មោះសាច់ញាតិរបស់ខ្លួនឡើយនិងអោយពិនិត្យឡើងវិញ ចំពោះគ្រួសារណាដែលមានលទ្ធភាពប្រសើរហើយ សុំការយោគយល់ដើម្បីទុកលទ្ធភាពផ្តល់ជូនគ្រួសារក្រីក្រពិត្យប្រាកស ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ត្រឹមព្រឹកថ្ងៃទី ៩ ខែកក្កដានេះ រាជធានីភ្នំពេញសម្រេចបាន៩៣ភាគរយហើយ លើដំណើរការដំណើរការ ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង១ម៉ឺន៨ពាន់បណ្ណ ពោលគឺនៅសល់តែជាង៦០០បណ្ណទៀតប៉ុណ្ណោះ ដែលមិនទាន់ទទួល។ ការអះអាងនិងបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់សាច់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ–១៩ ចំនួន៥៦ម៉ឺនគ្រួសារ កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ក្នុងដំណាក់កាលទី១ ហើយដំណាក់កាលទី២ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នា នៃគ្រួសារក្រីក្រនៅជនបទនិងទីប្រជុំជន ដែលទិន្នន័យនេះគិតត្រឹមថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ មានគ្រួសារក្រីក្របានកើនជិត ២ម៉ឺន៥ពាន់គ្រួសារ ៕