ភ្នំពេញ៖ យ៉ាងហោចណាស់មានកម្មករសំណង់ ម្នាក់ ធ្លាក់ពីលើអគារ ២០ជាន់ ស្លាប់យ៉ាងអាណោចអាធម្ម។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង ៩ និង ១៥ នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ចំណុចអគារកំពុងសាងសង់ជាន់ទី២០ ក្រុមទី៦៤ ភូមិ ៨ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី មីនុន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មានស្រុកកំណើត ភូមិប្រនាគ ឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានខាងលើ។
ករណីនេះ បើតាមការពិនិត្យនឹងសន្និដ្ឋានកន្លែងកើតហេតុ ឧក ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកុសលវិច័យរាជធានីភ្នំពេញបានរកឃើញថា ជនរងគ្រោះរូបនេះស្លាប់ដោយសារធ្លាក់ពីអគារដែលមានកំពស់ខ្ពស់ប៉ោកប៉ះទង្គិចចំក្បាល និងខ្លួនប្រាណយ៉ាងខ្លាំង ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ។ក្រោយការពិនិត្យកន្លែងកើតហេតុ បច្ចុប្បន្ន សព ជនរងគ្រោះត្រូវបានប្រគល់ឲ្យឈ្មោះ អ៊ិន សំណាង ភេទប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើតវិញ៕