មន្ត្រីរាជការ២១រូបត្រូវបានប្រកាសចូលកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពក្នុងខេត្តកំពង់ធំ

(កំពង់ធំ)÷ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធមន្ទីរ/អង្គភាពចំនួន ២១ រូប និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អនុប្រធានមន្ទីរនានាក្នុងខេត្ត អភិបាល អភិបាលរងក្រុង/ស្រុក និងមន្ត្រីរាជការព្រឹកថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២០នៅសាលាខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តម ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដោយយោងតាមរយៈលិខិតបទដ្ឋាន គោលការណ៍បែបបទនិងនីតិវិធី រដ្ឋបាលខេត្តបានដាក់ចេញនូវដីកាតែងតាំងផ្ទេរតួនាទី ជូនមន្ត្រីរាជការតាមបណ្ដាលមន្ទីរ/អង្គភាពនានាជុំវិញខេត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំនិងនីតិវិធីដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែងក្នុងឆ្នាំ 2020 នេះរដ្ឋបាលខេត្តកំពង់ធំបានចេញធ្វើការប្រកាសមន្ត្រីរាជការឲ្យកាន់ចូលមុខតំណែងសរុបចំនួន ២១នាក់ស្រី១០នាក់ដោយសារការអនុវត្តប្រកបដោយភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងទទួលបានការជឿជាក់ទុកចិត្តពីរាជរដ្ឋាភិបាល ។ នៅចុងឆ្នាំ២០១៩នេះគឺរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១៨២; ១៨៣ និងអនុក្រឹត្យលេខ ១៨៤ស្តីពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង/ស្រុកថ្មី . នៅដើមឆ្នាំ 2020 នេះរាជរដ្ឋាភិបាល បានធ្វើសមាហរណកម្មមន្ត្រីតាមការិយាល័យជំនាញក្រុង/ស្រុកអោយចូលក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្តឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តបានស្នើដល់មន្ទីរ/អង្គភាពជួយផ្ដល់កិច្ចសហការគ្នាល្អរវាងមន្ទីរ/អង្គភាព និងរដ្ឋបាលក្រុង/ស្រុកជាពិសេស ធ្វើការទំនាក់ទំនងមុខងាររវាងការិយាល័យមន្ទីរ/អង្គភាពនៅការិយាល័យរបស់រដ្ឋបាលក្រុង/ស្រុក. ត្រូវធ្វើការទំនាក់ទំនងជាមួយអភិបាលក្រុង/ស្រុកដើម្បីឲ្យអភិបាលក្រុង/ស្រុកមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការគ្រប់គ្រងភារកិច្ចឬកិច្ចការជំនាញនានារបស់រដ្ឋបាលក្រុង/ស្រុក។
គួរបញ្ជាក់ផងដែរថាមន្ត្រីរាជការដែលស្នើសុំតែងតាំងប្រគល់ភារកិច្ចមានចំនួន ២១ រូបស្រី ១០នាក់មានដូចជា÷មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំចំនួន ០៥នាក់ស្រី០១នាក់ មន្ទីរសុខាភិបាលខេត្តកំពង់ធំ០១នាក់។ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំចំនួន ០៤នាក់ស្រី ០៣នាក់។ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំចំនួន ០៥នាក់ស្រី០៤នាក់។ មន្ទីរបរិស្ថានខេត្តកំពង់ធំចំនួន ០៦នាក់ស្រី០៣នាក់។