ការចិញ្ចឹមទាយកពងនិងសាច់ក្នុងខេត្តតាកែវមានការកើនឡើងខណៈមានតម្រូវការច្រើន

ខេត្តតាកែវ: ការចិញ្ចឹមសត្វទាយកពង និងសាច់នៅខេត្តតាកែវមានការកើនឡើង ខណៈមានតម្រូវការច្រើន ដែលធ្វើឱ្យអ្នកចិញ្ចឹមងាយស្រួលលក់ ហើយបានជួយសម្រួលដល់ជីវភាពរបស់ប្រជាកសិករ ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា ស្របពេលដែលមានការរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម បានជំរុញដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមសត្វនិងដុះដំណាំចម្រុះផ្សេងៗ ដើម្បីជួយដល់ជីវភាពគ្រួសារ ហេតុនេះទើបកសិករបានបង្កើនការចិញ្ចឹមសត្វទាបន្ថែម ខណៈដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អទាំងស៊ុត ទាំងសាច់ ។
លោកបានបន្តថា ការចិញ្ចឹមទាមានការបែងចែកជា២ប្រភេទ គឺការចិញ្ចឹមនៅក្នុងកសិដ្ឋាន និងការចិញ្ចឹមលក្ខណៈគ្រួសារ (ហ្វូង) ដោយការចិញ្ចឹមក្នុងកសិដ្ឋានមានលក្ខណៈងាយគ្រប់គ្រងជាងការចិញ្ចឹមជាហ្វូង ប៉ុន្តែការចិញ្ចឹមជាហ្វូងមានលក្ខណៈងាយស្រួល ដោយកសិករគ្រាន់តែប្រលែងវាទៅក្នុងស្រែ ដែលបានច្រូតកាត់រួចដើម្បីឲ្យវាដើរស៊ីចំណី ។

ខេត្តតាកែវយើងនេះ ការចិញ្ចឹមទាគឺមានការចិញ្ចឹមនៅក្នុងកសិដ្ឋាន ហើយនិងការចិញ្ចឹមទាជាហ្វូងនៅក្នុងស្រែតែម្ដង គឺឲ្យតែដល់រដូវច្រូតកាត់គឺកសិករតែងតែដឹកយកទៅដាក់តាមស្រែ ហើយនៅពេលដែលយើងបានបូមទឹកដាក់ស្រែទៅគឺវាចុះស៊ី ដែលគេហៅថា ស្រូវវាជ្រុះទៅក្នុងស្រែហ្នឹង ហើយនិងវាអាចស៊ីក្ដាម ខ្យង ខ្ចៅអីហ្នឹង ដែលមាននៅក្នុងស្រែនេះ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមទាក្នុងខេត្តតាកែវ មាន១៧កសិដ្ឋាន និងចិញ្ចឹមជាលក្ខណៈគ្រួសារ មាន៧២ហ្វូង ដែលទាលក់បានក្នុង១ថ្ងៃរាប់ពាន់ក្បាលដែលមានតំលៃជិត១ម៉ឺនរៀលក្នុង១គីឡូក្រាម និងពងក្នុង១ថ្ងៃអាចប្រមូលបានរាប់សែនគ្រាប់ ដែលមានតំលៃពី៣០០រៀលទៅ៥០០រៀលក្នុង១ស៊ុតទៅតាមប្រភេទស៊ុត ដែលចែកចេញជា៣ប្រភេទ មានស៊ុតធម្មតា ស៊ុតកូន និងសំរាប់ភ្ញាស់ធ្វើពូជ ៕