ភ្នំពេញ ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់ មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋក្រីក្រ ដោយសារថា ការផ្ដល់អំណោយមិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ វានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីសគ្នា មានការគុំគួនគ្នាទៅវិញទៅមក និងកើតមានការសង្សៃពីបុគ្គលមួយទៅបុគ្គលមួយទៀតជាដើម។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ជាង២០០នាក់ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សខណ្ឌព្រែកព្នៅ។
លោកបានបញ្ជាក់ថា អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចចិត្តរបស់អស់លោកជាប្រធានភូមិ លោកចៅសង្កាត់ និងក្រុមការងារនៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះ ត្រូវពិនិត្យមើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការដាក់សាច់ឈាម សាច់ញាតិខ្លួនឯង ជាប្រជាជាពលរដ្ឋក្រីក្រ ខណៈពួកគាត់មានជីវភាពសមរម្យហើយនោះ។
ឯកឧត្ដមឃួង ស្រេង បន្ដថា វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ទៅ៦០០ដុល្លារ នារដូវកូវីដ-១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង និងថ្នាក់លើថែមទៀត ហើយពិសេសថែមទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាតែម្តង។ លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋាខណ្ឌព្រែកព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងខែមីនាឆ្នាំ២០២០ កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេស សកម្មភាពក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានជួយស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំង ចំនួន០៩ខ្សែ មានប្រវែង៩៩៣៤ ម៉ែត្រ អស់ថវិកាជាង៣០ម៉ឺនដុល្លារ នៅសង្កាត់ពញ្ញាពន់ មានចំនួន៣ខ្សែ ប្រវែង២២២៧ម៉ែត្រ អស់ថវិកាចំនួនជាង៧ម៉ឺនដុល្លារ។
ឧបត្ថម្ភអង្ករចំនួន១០តោន ដល់ខណ្ឌព្រែកព្នៅ សម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកនៅក្នុងខណ្ឌ, ឧបត្ថម្ភថវិកាចំនួន១ ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ទីស្នាក់ការគណបក្សសង្កាត់គោករកា, ឧបត្ថម្ភចាក់ដី ចំនួន១០០០ឡាន ដល់សង្កាត់សំរោង សំរាប់ចាក់បំពេញទីធ្លាសាលាសង្កាត់ និងផ្លូវជាប់សាលាសង្កាត់ នាំយកទានព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១៨វត្ត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលបានប្រារព្ធធ្វើនៅក្នុងវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស និងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ៕