(កំពង់ធំ)៖ ការថ្លែងរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែង ក្រើនរំលឹកដល់មន្ត្រីជំនាញត្រូវប្រកាន់ខ្ជាប់នូវ វិន័យ សីលធម៌ និងនិងមានឥរិយាបថឱ្យបានសមរម្យ ទន់ភ្លន់ រួសរាយ រាក់ទាក់ ជាមួយប្រជាពលរដ្ឋ នៅពេលដែលបំពេញភារកិច្ច តាមបណ្តាគោលដៅត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ឯកឧត្តមអភិបាលខេត្ត បានបន្ដថា ការអនុវត្តច្បាប់រឹតបន្ដឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ដែលបានកំពុងអនុវត្តន៍នេះគឺដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជា ពល រដ្ឋ តែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ច មិនផាកពិន័យឡើយ។ ហើយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺជាសកម្មភាពអនុវត្តន៍ច្បាប់របស់នគរបាល និងការអនុវត្តការផាកពិន័យ នៅតែធ្វើជាធម្មតាដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញពីការកើនឡើង និងថយចុះនៃគ្រោះថ្នាក់ចរាចរផ្លូវគោក ដោយអះអាងថា មកពីការដឹកនាំ ការប្រតិបត្តិអនុវត្តន៍ ការត្រួតពិនិត្យ និងវិធានការរឹត បន្តឹង ច្បាប់ចរាចរណ៍ពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់យើង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លើកិច្ចការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានផែនការគ្រប់ជ្រុងជ្រោយ រួមផ្សំការចុះត្រួតពិនិត្យទីតាំង ភូមិសាស្ត្រជាក់ស្តែងសម្រាប់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងមានការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ ទើបយើងសម្រេចបានលទ្ធផលល្អប្រសើរ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់អស់លោក លោកស្រី មន្តី្ររាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមធ្វើគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ ច្បាប់ និងឯកទេសជំនាញ ជាពិសេសអនុក្រឹត្យលេខ ៣៩ អនក្រ.បកថ្មី ដល់ប្រជាពលរដ្ឋ តាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្តកំពង់ធំ ។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គ្រោះ ថ្នាក់ ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ៩៤លើក បណ្ដាលឱ្យ ស្លាប់ចំនួន៥៧នាក់ និងរបួសចំនួន៤១នាក់ (របួសធ្ងន់៧៩នាក់) ។ លោកប្រធានមន្ទី បានបន្ដថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មក ពី បើក បរ លើសល្បឿន កំណត់១៧ភាគរយ មិនគោរពសិទ្ធិ១០ភាគរយ មិនប្រកាន់ស្ដា វ៉ាជែង បត់ ឆ្លងកាត់ផ្លូវ៣៩ ភាគរយ ស្ថានភាពស្រវឹង៥ភាគរយ កត្តាយានយន្ដ១១ភាគរយ និងងងុយ៩ភាគរយ។ ទន្ទឹមនេះ តាមស្ថិតិរួមក្នុងមួយឆមាសទី១ ឆ្នាំ២០២០ គិតពីថ្ងៃទី១៨ ខែ១១ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែ០៥ ឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៩៤លើក លើ ៩២លើក បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ ថយចុះចំនួន ២ លើក ស្មើ ២ ភាគរយ ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការពិនិត្យអនុវត្តន៍ច្បាប់ប្រចាំឆមាទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានត្រួតពិនិត្យ យាន យន្ដសរុបចំនួន៣៥២៤គ្រឿង ។ ដោយឡែក ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក បានធ្វើការពិនិត្យសរុប ចំនួន ៧០៩១ គ្រឿង ក្នុងនោះ ម៉ូតូចំនួន៦,៧៣៩គ្រឿង(ពិន័យម៉ូតូចំនួន៦, ៧៣៩គ្រឿងនិងរថយន្ដ ចំនួន ៣១៨គ្រឿង (ពិន័យរថយន្ដ ២៧១ គ្រឿង)។ ការអនុវត្តការបង់ប្រាក់ពិន័យ អន្តរការណ៍ តាមស្នាក់ការ នគរ បាល ចរាចរណ៍ផ្លូវគោក បានចេញបង្កាន់ដៃពិន័យអន្តរការណ៍ បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មានទឹកប្រាក់សរុបចំនួន ១៥៤,៦៣៦,០០០រៀល ក្នុងនោះ ចូលបង់ប្រាក់ពិន័យសរុបចំនួន១៥៤,៦៣៦,០០០រៀល។