ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំង ប្រតិភូអមដំណើរ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កូនច្រើន គ្រួសារពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងអ្នកងាយរងគ្រោះ ក្នុងអំឡុងពេលមេរោគកូវិដCOVID-19 ចំនួន២៤៥គ្រួសារ ពីរទីតាំង ខុសគ្នា ដើម្បីជួយសម្រួលការលំបាកខ្វះខាត ពីធីនេះគឺបានធ្វើឡើង នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានចែកជូនគឺទីមួយ ស្ថិតនៅភូមិត្រពាំងប្រិយ៍ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន២ឃុំគឺឃុំក្រយៀ និងឃុំបឹងល្វា និង១៦ភូមិ ចំណែកទីតាំងទីពីរ ចំនួន១៨៨គ្រួសារ មកពីឃុំ ៦០ភូមិ ចែកនៅវិទ្យាល័យភ្នំសន្ទុក ស្ថិតនៅក្នុងភូមិជីមាជ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន អង្ករមួយបេ ទឹកស៊ីអ៊ីវ ទឹកត្រី២យូរ ត្រីខកំប៉ុងមួយឡូត៍ មីមួយកេស ច្រាសដុះខោអាវមួយ សាប៊ូមួយដុំ ។
ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានដាស់ទឿន ដល់មេឃុំបឹងល្វា និងមេឃុំក្រយៀ រួមទាំងមេភូមិ ហាមដាច់ខាត មិនឲ្យមានការពាក់ព័ន្ឋនិង ការស៊ីញ៉េលក់ដីព្រៃរបស់រដ្ឋ ហើយសូមឲ្យដកខ្លួនចេញឲ្យឆ្ងាយ បើដឹងថាមានការពុករលួយក្នុងការលក់ដីព្រៃរបស់រដ្ឋ និងត្រូវចាត់ការដោយគ្មានការលើកលែងជាដាច់ខាត កុំថាមិនបានប្រាប់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកយករបស់រាជរដ្ឋាភិបាល ផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងធ្លាក់ខ្លួនក្រ ក្នុងដំណាក់កាលមេរោគកូវិដ១៩ រាត្បាត COVID-19 និងត្រូវធ្វើការឲ្យមានតម្លាភាព គ្មានបក្សពួក គ្មានស៊ូសំណូកជាដាចើខាត។
ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានសម្តែងនូវការព្រួយបារម្ភណ៍ ពីការប្រកបមុខរបរទទួលទាន និងបានបួងសួងសុំសេចក្តីសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សុខភាពផ្លូវចិត្ត និងផ្លូវកាយមាំមួន ចៀសផុតពីការឆ្លងមេរោគដ៏កាចសាហាវ កូវិដ១៩ COVID-19 នេះ ។
អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ បងប្អូនកូនក្មួយ លោកយាយលោកតា ទាំងអស់ត្រូវតែចូលរួម ការពារទប់ស្កាត់ការឆ្លងរីករាលដាល នូវមេរោគកូវិដ១៩ Covid-19 ដោយត្រូវតែចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីភូមិយើង ខេត្តយើងសហគមយើង គ្មានការឆ្លងកូវិដ១៩ ដោយសារតែ បញ្ហាជំងឺកូវិដ១៩នេះ បានឆ្លងរីករាលដាលនៅលើពិភពលោក សរុបជិត១៣លាននាក់ហើយ ចំណែកប្រទេសកម្ពុជា អ្នកមានវីរុសកូវិដ១៩ បានរកឃើញទាំងអស់ ទូទាំងប្រទេសកម្ពុជា១៦៥នាក់ ស្រ្តី៤០នាក់ ប្រុស១២៥នាក់ ព្យាបាលបានជាសះស្បើយចំនួន១៣៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ ៣២នាក់ ដូច្នេះត្រូវលាងដៃនិងសាប៊ូ ពាក់ម៉ាសនៅពេលចូលក្នុងចំណោមមហាជន ។
ដោយ ប៊ុន រដ្ឋា