កំពង់ឆ្នាំងៈ តំបន់អភិរក្សត្រីមេពូជបឹងល្មួសក្នុងពេលនេះមានត្រីមេពូជរាប់រយតោន ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់អុស ស្ថិតនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី បច្ចុប្បន្នក្រុមល្បាតក្នុងសហគមន៍ កំពុងតស៊ូដាក់វេនគ្នាយាមកាមការពារបទល្មើសទាំងយប់ទាំងថ្ងៃ ប៉ុន្តែជាបញ្ហានោះ គឺការខ្វះខាតថវិកាទិញលួសទិញបង្គោលបោះការការពារជុំវិញបឹងអភិរក្ស និងខ្វះប្រេងចាក់កាណូតដើរល្បាតប្រចាំថ្ងៃ ហេតុនេះហើយទើបសហគមន៍សំណូមពរដល់អង្គការដៃគូ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ពន្ធ័ជួយឧបត្ថមដល់ការខ្វះខាតដោយក្តីអនុគ្រោះផងចុះ ។
ជួបជាមួយក្រុមអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សំរិទ្ធ ណុន ប្រធានសហគមន៍នេសាទកំពង់អុស បាននិយាយអោយដឹងថា៖ សហគមន៍នេសាទកំពង់អុសបានកើតឡើងនៅឆ្នាំ២០១៧ មានសមាជិកចំនួន៣៤៥នាក់ រស់់នៅក្នុងភូមិកំពង់អុស ដែលមានដែននេសាទសាធារណៈជាច្រើនហិកតា ដោយឡែកក៏មានតំបន់អភិរក្សមេពូជត្រីបឹងល្មួសមានទំហំ៤០ហិកតា មួយផងដែរ ដែលត្រូវការពារមេពូជត្រីគ្រប់ប្រភេទនៅក្នុងអន្លុងបឹងល្មួសអោយបានគង់វង្ស ជាពិសេសនៅក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូននេះ តែសហគមន៍មានកាណូតដែលអង្គការជួយតែ១គ្រឿងប៉ុណ្ណោះ។
លោកស្រីប្រធានសហគមន៍ បានបន្តថា៖ ប៉ុន្មានថ្ងៃនេះ សមាជិកនៅក្នុងសហគមន៍ពិសេសក្រុមល្បាតកំពុងធ្វើការយ៉ាងសកម្ម គឺចងលួសចងពទ្ធ័កំប៉ោង ប្រើកាណូត និងកម្លាំងមនុស្ស រុញកំប៉ោងធ្វើជារនាំងរបងការពារជុំវិញបឹងអភិរក្សជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់កុំអោយទូកកាណូតជនល្មើលបើកបរចូ លមកលួចនេសាទក្នុងបឹងអភិរក្សបាន ។ ព្រោះថានៅខែភ្លៀងរដូវវស្សានេះ ខ្យល់បានបោកបក់ដាច់ចំណង់លួសនិងកំប៉ោងរាយប៉ាយពេញបឹងស្ទើរតែរៀងរាល់ថ្ងៃ ។ ប៉ុន្តែអ្វីដែលប្រឈមនោះ គឺសហគមន៍ពុំមានថវិកាសំរាប់ទិញលួស ទិញប្រេងធ្វើការខាងលើនេះឡើយ ដែលកន្លងមកសមាជិកមួយចំនួនបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើការងារទាំងអស់នេះទៅតាមលទ្ធភាព ។
ដោយឡែក បទល្មើសនេសាទនៅក្នុងឆ្នាំកន្លងមកសហគមន៍បានបង្ក្រាបបានប្រមាណ២០ករណីក្នុងនោះមានការឆក់ត្រី២ករណី ត្រូវបានចាប់បញ្ជូនអោយខណ្ឌរដ្ឋបាលជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបទល្មើសនេសាទ១៨ករណីទៀត សហគមន៍សហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើកិច្ចសន្យាអប់រំនៅក្នុងមូលដ្ឋាន ។ ដោយឡែកនៅក្នុងរដូវប្រាំងកន្លងមកនេះ ជនល្មើសក៏បានលួចដុតព្រៃលិចទឹកពេលយប់ ខូចខាតអស់ប្រមាណ៥ហិកតាផងដែរ ដែលករណីនេះសហគមន៍ និងមន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមុខសញ្ញាជនល្មើស ។
លោក ញ៉ាញ់ ប្រធានក្រុមល្បាត ដែលកំពុងដឹកនាំក្រុមល្បាតរុញកំប៉ោងធ្វើរបាំងការពារបឹងអភិរក្សានៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះបានអោយដឹងថា៖ សហគមន៍មានក្រុមល្បាតចំនួន៣ក្រុមដែលមានកម្លាំងសរុបចំនួន១៥នាក់ ដោយដាក់វេនគ្នាចេញល្បាតការពារតំបន់អភិរក្សទាំងយប់ទាំងថ្ងៃគឺពេលថ្ងៃ១
ក្រុម៣នាក់ និង១នៅពេលយប់១ក្រុម៣នាក់ ប៉ុន្តែយើងអាចការពារបានតែ៨០%ប៉ុណ្ណោះ ព្រោះតែយើងមានកម្លាំងល្បាតតិច គ្មានប្រេងចាក់កាណូតល្បាត និងគ្មានប្រាក់ជួយឧបត្ថម្ភដល់
ក្រុមចេញល្បាត ។
ហេតុនេះហើយ លោកស្រីប្រធានសហគមន៍ និងប្រធានក្រុមល្បាតសំណូមពរដល់អង្គការដៃគូជួយលើ
វិស័យជលផល ស្ថាប័នពាក់ពន្ធ័ និងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយឧបត្ថម្ភដល់ការខ្វះខាតខាងលើនេះជូនសហគមន៍នេសាទកំពង់អុសពួកគាត់ផងចុះ ៕