ផ្លូវលំពុះកាត់កណ្តាលភូមិសាស្ត្រ សង្កាត់កោះដាច់ ត្រូវបានឯ.ឧ ណុប ចាន់ណារិន្ទ ចុះបើកការដ្ឋានស្តារឡើងវិញ ក្រោមការឧបត្ថម្ភ ពីសប្បុរសជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង ជាប្រធានក្រុមការងារចុះជួយ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវនៅចំណុចអូរតានង តភ្ជាប់ពីវត្តអម្ពរផល ភូមិចុងកោះ មកទល់នឹងទួលតានង ភូមិកោះដាច់។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានឲ្យដឹងថា នេះជាការដោះស្រាយសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋានដែលបានលើកឡើងនៅក្នុងវេទិការសាធារណៈ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។ឯកឧត្តម ណុប ចាន់ណារិន្ទបន្តថា៖ បន្ទាប់ពីបានចុះធ្វើវេទិកាសាធារណៈតាមការចង្អុលបង្ហាញពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញរួចមក ក្រុមការងារចុះជួយសង្កាត់កោះដាច់ បានបន្តតាមដានជាប់ជាប្រចាំនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋដោយមិនទុកចោលឡើយ នឹងបានដោះស្រាយជាជំហ៊ានៗ ទៅតាមលទ្ធភាព និងទំហ៊ំនៃតម្រូវការចាំបាច់ បើកិច្ចការខ្លះមានទំហ៊ំធំក្រុមការងារបានបញ្ជូនសំណូមពរនោះទៅថ្នាក់ខណ្ឌ និងរាជធានី រួចហើយ ។

ទាក់ទងនឹងការស្តារឡើងវិញនូវផ្លូវលំនេះ លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា៖ តាមគំរោងការងារស្តារឡើងវិញនេះ អាចបញ្ចប់ក្នុងរយៈយ៉ាងយូរ២សប្តាហ៍ ។លោក ប៉ាត់ អ៊ែល ឲ្យដឹងទៀតថា ៖ ផ្លូវនេះមានទទឹងប្រវែង១០ម៉ែត្រ បណ្តោយ ប្រវែង ៨00ម៉ែត្រ អនុវត្តដោយក្រុមហ៊ុនចំនួន៥ក្រុម បម្រើជាប្រយោជន៍រួមជូនប្រជាពលរដ្ឋក្នុងសង្កាត់កោះដាច់ទាំងមូល ដែល កន្លងមកប្រជាពលរដ្ឋបានសំណូមពរនៅក្នុងវេទិកាសាធារណៈ។

ការស្ថាបនាផ្លូវនេះ មានការស្វះស្វែង ជ្រោមជ្រែងពីលោក ប៉ាត់ អ៊ែល ចៅសង្កាត់ និង អស់លោក លោកស្រីជាចៅសង្កាត់រង និង ក្រុមប្រឹក្សាសង្កាត់ ដែលបានខិតខំស្វែងរកសប្បុរសជន ទាំងក្នុង និង ក្រៅមូលដ្ឋានដើម្បីជួយ រហូតអាចដំណើការបានតាមសំណូមពរ។នៅក្នុងពិធីនេះ មានការចូលរួមពីលោកលោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិទាំង5 កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងប្រជាការពារសង្កាត់ ។សូមបញ្ជាក់ជូនថា ផ្លូវអូរតានងដែលបាននិងកំពុងបើកនេះ ក្រុមការងារបានឈូសឆាយ និង លើកដីខ្ពស់ផុតពីទឹកលិច បង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរជូនប្រជាពលរដ្ឋ៕