ខេត្តកំពង់ធំ: ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៣២០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន នៅទីតាំងពីរផ្សេងគ្នា: នៅសាលាក្រុងស្ទឹងសែនចំនួន២០០គ្រួសារ និងនៅសាលាសង្កាត់អាចារ្យលាក់ ចំនួន១២០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០។
ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់លោក SAEMAUL ប្រធានតំបន់នៃគម្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍នៅភូមិចំនួនបី រួមមាន ភូមិចំបក់ ភូមិកំរែ៉ង និងភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយលើកស្ទួយជីវភាព បង្កើតទម្លាប់ល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យ បណ្តុះបណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទ ផ្តល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាសន្រ្តផងដែរ ជាពិសេស បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន នឹងជួយដោះស្រាយបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវសម្ភារៈនិងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របពេលដែលប្រទេសកម្ពុជាកំពុងតែរងផលប៉ះពាល់នូវជំងឺកូវីដ១៩ នៅពេលនេះ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់ជំងឺកូវីដ-១៩នេះ ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ម៉ាសក្រណាត់ ក្រម៉ា សាប៊ូលាងដៃ អាកុលដបតូច និងអាកុលដបធំ ។