ដីព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូននៅភូមិព្រៃចាស់ឃុំព្រៃចាស់ ស្រុកឯកភ្នំ ត្រូវបានជនខិលខូចលួចយកគ្រឿងចក្រត្រាក់ទ័រទៅឈូសឆាយទន្ទ្រានយកបម្រុងធ្វើជាកម្មសិទ្ធិ

(ខេត្តបាត់ដំបង)៖ប្រភពនៃព័ត៌មាន នៅថ្ងៃចន្ទ ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០ ខេត្តបាត់ដំបង ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរាយការណ៍ឱ្យដឹងថា មានជនខិលខូចមួយចំនួនតូចបានយកគ្រឿងចក្រត្រាក់ទ័រចំនួន ៣ ទៅ ៤ គ្រឿងទៅឈូសឆាយទន្ទ្រានយក ព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូនមួយកន្លែងក្នុងភូមិសាស្ត្រភូមិព្រៃចាស់ ឃុំព្រៃចាស់ ដែលស្ថិតនៅត្រង់ចំណុច អូរជ្រៅ មកទល់និង ព្រែកគោកខ្ពស់ ស្ទើរតែរលាយហិនហោចអស់ទៅហើយ បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មានមេការយកគ្រឿងចក្រត្រាក់ទ័រទៅឈូសឆាយនោះមានឈ្មោះថាលោក ណាល់ ជាប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រត្រាក់ទ័រ ទៅឈូសឆាយឱ្យទៅ ១ មានឈ្មោះ លោក រើន ដែលគេស្គាល់យ៉ាងច្បាស់ថា ជាអនុភូមិព្រែកចាស់ និងកូនចៅ ២ មានឈ្មោះថាពេទ្យ រី និងកូនចៅ និង ៣ មានឈ្មោះលោក រ័ត្ន ដែលគេស្គាល់យ៉ាងច្បាស់ថារស់នៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយពីបានឮសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ អ្នកសារព៍ត៌មានក៏បាន ចុះទៅយកព័ត៌មាននិងផ្តិតបានរូបភាពគ្រឿងចក្រត្រាក់ទ័រ ៣ ទៅ ៤ គ្រឿងតែមិនដឹងថាជារបស់អ្នកណាលោកបានបើករត់គេចខ្លួនអស់រលីង គ្រាន់តែដឹងថាជារបស់លោក ណាល់ ដែលគេស្គាល់យ៉ាងច្បាស់ថាជាមេការអូសទាញគ្រឿងចក្រត្រាក់ទ័រទៅធ្វើឱ្យបុគ្គលនៅក្នុងភូមិសាស្ត្រខាងលើ សូមជម្រាបផងដែរដែនជម្រកត្រីពងកូន ហើយក៏ជាព្រៃជាប់នឹងបឹងទន្លេសាបសុទ្ធសាធតែត្រូវបានប្រជាពលរដ្ឋងឿងឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធរ ឃុំព្រៃចាស់ និងអាជ្ញាធរស្រុកឯកភ្នំ ត្រូវបានយកដីតំបន់ ៣ ដែលជាដែនជម្រកត្រីពងកូន ទៅឱ្យបុគ្គលខាងលើឬក៏ឃុបឃិតគ្នាដើម្បីយកធ្វើជាកម្មសិទ្ធិ ឬក៏អនុញ្ញាតផ្ដល់ឱ្យបុគ្គលខាងលើនោះមានសិទ្ធិឈូសឆាយនិងទន្ទ្រានយកធ្វើជាកម្មសិទ្ធិទៅវិញ តើមន្ត្រីពាក់ព័ន្ធជុំវិញ ខេត្តបាត់ដំបង លោកជ្រាបដែរឬទេ ព្រៃលិចទឹក ដែលជាដែនជម្រកត្រីពងកូន ហើយក៏ត្រូវបានរដ្ឋហាមឃាត់មិនអនុញ្ញាតឱ្យបុគ្គលណាបែងចែកឬក៏អាស្រ័យផលបាននោះដែរ ព្រោះនេះគឺជាតំបន់បន្តពូជត្រីពងកូននារដូវវស្សា ជុំវិញបញ្ហាខាងលើនេះ អង្គភាពប្រភពនៃព័ត៌មាន យើងបានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោកមិល សុផល អភិបាលនៃគណៈអភិបាល ស្រុកឯកភ្នំ តែលោកមិនទទួលទូរស័ព្ទរបស់ អង្គភាពយើង យើងក៏បានព្យាយាមសុំការទំនាក់ទំនងនិងរាយការណ៍ជូនលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង តែលោកក៏មិនទទួលទូរស័ព្ទដូចគ្នា ទោះបីជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើសុំដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាមានវិធានការតឹងរឹងផងទានព្រោះពុំនោះទេព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូនដែលស្ថិតនៅក្នុងភូមិឃុំខាងលើពិតជារលាយហិនហោចជាក់ជាមិនខាន ខណៈព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូននារដូវវស្សាត្រូវបានគេលួចទន្ទ្រានឈូសឆាយដើម្បីបម្រុងយកធ្វើជាកម្មសិទ្ធិ ។