នៅខេត្តកណ្តាល៖ លោកថោងផល្លារង្សីចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានចេញដីកាឃុំខ្លួនមេអាប៉ោងម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ទទួលផលចោរកម្ម» កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ ។ តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធការទិញម៉ូតូរបស់ចោរជាច្រើនគ្រឿង។នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២០នេះ។ជនត្រូវចោទរូបនេះឈ្មោះគឹមឡេងសល់អាយុ៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាល។ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកសេងរិទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះវ៉ាថារីបានប្រាប់ឱ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។ ម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិកកាច់ក និងលួចគេយកមកបញ្ចាំព្រោះថាគ្រាប់សោរម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីជាច្រើន។ពលរដ្ឋបានលួចបង្ហើបថា ឈ្មោះគឹមឡេងសល់នេះគឺជាមេអាប៉ោងដ៏ធំប្រចាំនៅឃុំវិហារសួគ៌និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រាបនោះទេ៕