ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅក្នុងក្រុងកំពត និងស្រុកទឹកឈូ

កំពត;ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យស្ថានភាពទឹក ក្រោយពីមានភ្លៀងធ្លាក់ជោគជាំក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅក្នុងក្រុងកំពត និងស្រុកទឹកឈូ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាលស្រុកទឹកឈូ លោក លោកស្រីមេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ។

ឯកឧត្តមអភិបាលខេត្តបានចុះពិនិត្យទីតាំងប្រឡាយព្រែកជីកភូមិតាអេងនិងប្រឡាយភូមិត្រពាំងធំ ដែលជាប្រភពសំខាន់នៃការរំដោះទឹកចេញពី សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល និងឃុំត្រពាំងធំ ហូរទៅកាន់ព្រែកកំពង់បាយ។

សូមបញ្ជាក់ដែរថា ប្រឡាយព្រែកជីកភូមិតាអេងនេះ គឺស្ថិតនៅក្នុងគម្រោងស្ដារប្រឡាយរំដោះទឹកចេញពីទីក្រុង របស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែគម្រោងនេះមិនទាន់បានអនុវត្តចប់នៅឡើយ ឯកឧត្តមអភិបាលខេត្ត នឹងជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សា ក្នុងការស្ដាប្រឡាយនេះមុន ដើម្បីរំដោះទឹកចេញពីក្រុងកំពតឲ្យបានឆាប់រហ័ស។

ពាក់ព័ន្ធនឹង ប្រឡាយភូមិត្រពាំងធំស្ថិតនៅក្នុងឃុំត្រពាំងធំ មានការចាក់ដីលុប និងសាងសង់ផ្ទះនៅលើប្រឡាយ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការស្ដារប្រឡាយឡើងវិញ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ផ្តល់ជូនលូមូលប្រវែង ៥០០ ម៉ែត្រ ដើម្បីតភ្ជាប់ទៅព្រែកជីកភូមិតាអេង ។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកអភិបាលក្រុងកំពត លោកអភិបាលស្រុកទឹកឈូ លោកមេឃុំចៅសង្កាត់ពាក់ព័ន្ធទាំងអស់ ខិតខំពិនិត្យឡើងវិញនូវប្រព័ន្ធបង្ហូររំដោះទឹកនៅតាមមូលដ្ឋាន និងទប់ស្កាត់ការចាក់បំពេញដីក្នុងប្រព័ន្ធបង្ហូរទឹកទាំងអស់នេះ និងស្នើសុំឱ្យបន្តពិនិត្យស្ថានភាពទឹកភ្លៀងជាប្រចាំ ខ្លាចបង្កទៅជាជំនន់ទឹកភ្លៀង ។