រដ្ឋបាលខេត្តព្រះសីហនុ៖ បានចេញសេចក្តីជូនដំណឹងហាមឃាត់ការធ្វើដំណើរតាមផ្លូវទឹកប្រសិនជាគ្មានការចាំបាច់ដើម្បីការពារសុវត្ថិភាពខណៈព្យុះSINLAKU បានវាយប្រហារខ្លាំងតំបន់សមុទ្រដោយបង្កអោយមានភ្លៀងនិងខ្យល់ខ្លាំងអាចនាំអោយមានគ្រោះថ្នាក់ជាយថាហេតុ។ក៏ប៉ុន្តែដោយពិនិត្យឃើញថានៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះកំលាំងខ្យល់មានសភាពធូរស្រាលឡើងវិញ ស្របពេលពេលនឹងសម្ទុះនៃការចង់វិលត្រឡប់ចាកចេញពីដែនដីកោះរ៉ុងរបស់ភ្ញៀវទេសចរដែលបានជាប់នៅលើទឹកដីក្រុងកោះរ៉ុងមានសភាពពុះកញ្ច្រូលផងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជា អោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ។
នៅរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន បានអញ្ជើញទៅទទួលភ្ញៀវទេសចរទាំងនោះនៅកំពង់ទូកដោយផ្ទាល់។
ពលរដ្ឋនិងភ្ញៀវទេចរទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះសមានចិត្តនិងការគិតគូររបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគេក្នុងនាមជាភ្ញៀវទេសចរនិងថែមទាំងបានជួយសម្របសម្រួលលៃលករថយន្តក្រុងដឹកជញ្ជូនទៅដល់រៀងខ្លួនទៀតផង។
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជក់ថាភ្ញៀវទេសចរដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុមានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់។ពួកគេទាំងនេះបានទៅលេងកំសាន្តនៅក្រុងកោះរ៉ុង តាំងពីមុនថ្ងៃដែលខេត្តព្រះសីហនុ ទទួលរងឥទ្ធិពលពីព្យុះSIMLAKUមកម្លេះ។ នៅរសៀលនេះរដ្ឋបាលខេត្ត បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២ជើង៖ជើងទី១ ចំនួន ៤០៥នាក់ ស្រី ១៤៣នាក់ (ក្មេងចំនួន ៤១នាក់ និងទារកចំនួន ៦នាក់) ជើងទី២ ចំនួន ២១៦នាក់ ស្រី ៧២នាក់ (ក្មេងចំនួន ២៣នាក់)។ភ្ញៀវទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង។
គួរបញ្ជាក់ថាប៉ុន្មានថ្ងៃនេះឥទ្ធិពលនៃព្យុះ SINLAKUបានវាយប្រហារខេត្តព្រះសីហនុ បង្កអោយភ្លៀងខ្យល់និងរលកធំៗបក់បោកពន្លិចទូកអ្នកដំណើរច១គ្រឿង ទូអ្នកនេសាទបីគ្រឿងទៀតដែលបោះយុថ្កាចោលក៏ត្រូវបានរលកវាយពន្លិចដែរក្រៅពីនេះខ្យល់កន្ត្រាក់បានបក់បោកធ្វើអោយដួលរំលំនិងទ្រេតបង្គោលអគ្គីសនី ច្រោះផ្លូវ បាក់រលំដើមឈើលើផ្លូវនិងលើផ្ទះប្រជជននិងបណ្តាលអោយពលរដ្ឋចំនួន៣នាក់រងរបួសធ្ងន់ស្រាល៕