ភ្នំពេញ ៖ ដោយមើលឃើញពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅធ្វើការឬ ទៅប្រកបរបរផ្សេងៗ ដោយសារតែផ្លូវមានសំបុកច្រើន នៅពេលដែលមានភ្លៀវធ្លាក់ម្ដងៗបង្កឲ្យមានភាពយឹតយ៉ាវដល់ដំណើររបស់ពួកគាត់។
យល់ពីផលលំបាកប្រជាពលរដ្ឋ និងដើម្បីបង្កើនសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី១ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីចុះជុសជុលផ្លូវសំបុកមាន់ខាងលើ ដែលហៅថា ផ្លូវអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សកម្មភាពចុះជុសជុលខាងលើនេះគឺមានការចូលរួមពី លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក កង វង ចៅសង្កាត់ចោមចៅទី១ រួមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បើតាមប្រសាសន៍របស់លោក អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យគ្រប់ផ្លូវទាំងអស់តែងតែទទួលបាននូវការអភិវឌ្ឍន៍ តែយើងយកផ្លូវណាមួយជាអាទិភាពមុន និងទៅតាមផែនការអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ។
លោកបន្តថា ផ្លូវអង្គតាមិញនេះគឺ ជាផ្លូវមួយដែលមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើរ ដោយតែផ្លូវនេះត្រូវបានតភ្ជាប់ជាមួយនឹងផ្លូវជាច្រើនដូចជា ផ្លូវចោមចៅ ផ្លូវ២០០៤ និងតភ្ជាប់ទៅដល់ផ្លូវសហព័ន្ធរុស្សីទៀតផង។
លោក អភិបាលក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវអង្គតាមិញនេះ មេត្តាកុំតយ៉ាបរំលោភមកលើផ្លូវដែលធ្វើឲ្យប៉ះដល់សកម្មភាពជុសជុល កុំយកសម្រាមដោះចោលក្នុងមាត់លូព្រោះជារដូវភ្លៀវវាអាចស្ទះចរន្តទឹកហូរ បង្កឲ្យទឹកលិចលំនៅឋាន។ ជាពិសេសសូមបងប្អូនថែរក្សាសុខភាពឲ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬ ជែល និងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕