(ព្រះសីហនុ) ៖ បុរសជនជាតិចិនម្នាក់ដែលជាជនសង្ស័យក្នុងករណីប្រើកាំបិតគំរាមប្លន់យកលុយពីជនជាតិចិនដូចគ្នាចំនួន៦០០០ដុល្លារត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើការឃាត់ខ្លួន ។
ហេតុការណ៍ឃាត់ខ្លួនជនជាតិចិននេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
តាមប្រភពលោកស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះថា ជនរងគ្រោះមានឈ្មោះ Huang Jie ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកម៉ាស្សា ។ ដោយជនសង្ស័យឈ្មោះ Xie Mohai ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពលោកស្នងការបានឲ្យដឹងទៀតថា ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិតជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យទៅម៉ាស្សានៅសណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកលុយចំនួន៦០០០ដុល្លារប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕